ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ
“រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ”
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ” ដែលរៀបចំធ្វើនាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។
ឯកឧត្តម ហេង សួរ បានថ្លែងថា វត្តមានរបស់តំណាងក្រសួងពាក់ព័ន្ធ សហជីព និយោជក អង្គការសង្គមស៊ីវិល ម្ចាស់ម៉ាក និងដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមកម្មវិធីនាពេលនេះ ជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់នៅក្នុងគ្រប់សកម្មភាពការងាររបស់កម្មករនិយោជិត និងនិយោជក ដែលចាំបាច់ត្រូវរួមគ្នាកំណត់នូវគោលការណ៍រួមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដោយកំណត់នៅក្នុងយុទ្ធសាស្រ្តទី៦ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យការងារផងដែរ។
ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈនឹងផលិតជាផុសស្ទ័រអប់រំ ដើម្បីបិតផ្សាយនៅតាមបណ្តារោងចក្រ សហគ្រាស ដើម្បីឱ្យកម្មករនិយោជិត និងនិយោជកយល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការនេះឱ្យមានប្រសិទ្ធភាពផងដែរ។
សូមបញ្ជាក់ថា យុទ្ធនាការ ១៦ថ្ងៃ នៃសកម្មជនប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ១៩៩១ ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ៕