ពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងសណ្ឋាគារក្រុមហ៊ុន ព្រីនស៍រៀល អ៊ីស្ទេត ខេមបូឌា និងសណ្ឋាគារ រីស៊ត ធួយប៊្លូ
នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការ គ្រប់គ្រងសណ្ឋាគារក្រុមហ៊ុន ព្រីនស៍រៀល អ៊ីស្ទេត ខេមបូឌា និងសណ្ឋាគារ រីស៊ត ធួយប៊្លូ ដោយមានការចូលរួមពីលោកអភិបាលរង ខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង លោកអេតវើដ លី (Edward Lee)នាយកប្រតិបត្តិក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូប។
ឯកឧត្តម បានថ្លែងថា ពិធីចុះហត្ថលេខានៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់ស្អាតនេះ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារៈ នាទិសនិរតី» និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿ ជាក់របស់អ្នកវិនិយោគ ទុនមកលើរាជរដ្ឋា ភិបាលកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការចុះហត្ថលេខាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទទួលបានភាពទាក់ ទាញ និងរីកចម្រើន ពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោ បាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពកសាងមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការ ជំរុញឱ្យមានសន្តិភាព និងជាស្ពានមេត្រីក្នុងការចម្លងនូវការយោគយល់ ការអនុគ្រោះ និងស្នាមញញឹមរួសរាយរាក់ទាក់។ ហើយចំណុចខ្លាំងដ៏ធំរបស់វិស័យទេសចរណ៍ ក្រៅពីអានុភាពសេដ្ឋកិច្ច គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នាបង្កើតបានទៅជាមាគ៌ាសន្តិភាពស្របតាមអនុសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា “អរគុណសន្តិភាព មានសន្តិភាពទើបមានអ្វីៗទាំងអស់”។
ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តលើកកម្ពស់វិស័យទេសចរណ៍ ពិសេសបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេស ចរណ៍បៃតង ស្អាត និងវៃឆ្លាត បង្កើតផលិតផលទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ចតាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ និងបានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ជាលទ្ធផលក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹក ចិត្តចំនួន ២៤២គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២១៥គម្រោង មានទុនវិនិ យោគសរុបប្រមាណជាង ៦ពាន់លានដុល្លារ (៦.០២៦.១០១.២០០ដុល្លារ) ។ដោយឡែកនៅសល់ ២៤គម្រោងទៀត គឺស្ថិតនៅក្នុងការពិនិត្យ និងវាយតម្លៃ។ ជាមួយគ្នានេះអនុគណៈកម្មាធិការវិនិយោគខេត្តបានចុះបញ្ជីគម្រោងវិនិ យោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន ១០គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ១៤លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២៤ មានចំនួន ៣គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧លានដុល្លារអាមេរិក។ រដ្ឋបាលខេត្តព្រះសីហនុ បានកំពុងយកចិត្តទុកដាក់អភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង រាវ បន្ទប់ទឹក សាធារណៈ សួនច្បារ និងកំពង់ផែទេសចរណ៍ស្តង់ដា សេវាកម្មទេសចរណ៍ ពិសេសពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ រួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាតទាំង នៅក្នុងក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរជាពិសេសជំរុញការបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍រក្សាបាន នូវសុខសន្តិភាព សុវត្ថិភាពទេសចរណ៍ ការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅក្នុងស្មារតីស្រលាញ់រាប់អានសហប្រតិបត្តិការល្អ និងចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ ប្រែក្លាយជាគោលដៅទេសចរណ៍ឈានមុខពោពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ភស្តុភារកម្ម ទេសចរណ៍ និងមជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុអន្តរជាតិ៕