ឯកឧត្តម ឈិន កេតនា អញ្ជើញជួបសំណេះសំណាល ព្រមទាំងនាំយកអំណោយថវិកា ជូនប្រជាពលរដ្ឋ និងក្រុមជាងកំពុងសាងសង់សាលប្រជុំដែលជាសមិទ្ធផល ក្នុងមូលដ្ឋានឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមការងារចុះជួយស្រុកបរិបូណ៍ និងជាប្រធានក្រុមការងារចុះជួយឃុំមេលំ រួមជាមួយ ឯកឧត្តម សមាជិក សមាជិកា នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាជូនប្រជាពលរដ្ឋប្រមាណ ២៦៨គ្រួសារ មកពី៥ភូមិ ក្នុងឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តម ឈិន កេតនា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនប្រជាពលរដ្ឋ និងក្រុមការងារមូលដ្ឋានទាំងអស់ ក្នុងឃុំមេលំ ហើយឯកឧត្តមបានជម្រាបជូនអំពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ដែលជ្រោងទង់ព្រះរាជាណាចក្រកម្ពុជារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឈន៍លើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ។
ឯកឧត្តម ឈិន កេតនា មានប្រសាសន៍បញ្ជាក់ថា៖ ពេលប្រទេសមានសង្គ្រាមត្រូវការអ្នកក្លាហាន នៅពេលប្រទេសមានសន្តិភាពត្រូវការបញ្ញវន្តនិងអ្នកចេះដឹង ដូច្នេះកម្ពុជាស្ថិតក្រោមដំបូលសុខសន្តិភាព ហេតុដូចនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយខិតខំសិក្សារៀនសូត្រដើម្បីក្លាយខ្លួនជាសរសរទ្រូងនៃប្រទេសជាតិ ដើម្បីជាចលកក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនលូតលាស់បន្ថែមទៀត។
អំណោយ និងថវិកាដែលនាំយកជូនប្រជាពលរដ្ឋ ទាំង៥ភូមិ ក្នុងឃុំមេលំ
ក្រុមការងារក្នុងមូលដ្ឋានកងកម្លាំងនគរបាល ប្រជាការពារ ក្នុងម្នាក់ៗទទួលបាន៖ គ្រឿងឧបភោគបរិភោគភេសជ្ជៈមានដូចជា ទឹកដោះគោ ស្ករស ទឹកបរិសុទ្ធ ទឹកក្រូច មី នំស្រួយ នំគីឡូ សារុង ក្រម៉ា និងថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមការងារចុះជួយស្រុកបរិបូណ៍ និងជាប្រធានក្រុមការងារចុះជួយឃុំមេលំ បានបន្តដំណើរ សំណេះសំណាល ព្រមទាំងនាំយកអំណោយថវិកាជូនដល់ ក្រុមជាងដែលកំពុងសាងសង់សាលប្រជុំដែលជាសមិទ្ធផល ក្នុងមូលដ្ឋានឃុំមេលំ ដែលសាលប្រជុំនេះសម្រេចបានជិត ១០០% ហើយ។ ឯកឧត្តមមានប្រសាសន៍ថា សាលប្រជុំដែលជាសមិទ្ធិផលក្នុងមូលដ្ឋានឃុំមេលំ បម្រើផលប្រយោជន៍ជាច្រើនសម្រាប់ក្រុមការងារចុះជួយមូលដ្ឋាន មួយវិញទៀតប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏អាចប្រើប្រាស់ដើម្បីជាប្រយោជន៍នៅពេលជួបប្រជុំគ្នា ឬធ្វើបុណ្យទានផ្សេងៗផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឈិន កេតនា ក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះជួយប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានដើម្បីស្វែងយល់ពីសុខទុក្ខ ការលំបាក បញ្ហាប្រឈមនានា និងរកដំណោះស្រាយជូន អោយបានល្អប្រសើរ ក្នុងកិច្ចអភិវឌ្ឍន៍ ពិសេសរក្សាឲ្យបាននៅភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងអនុវត្តយ៉ាងណាដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
សូមបញ្ជាក់ជូនថា អំណោយនិងថវិកាដែលនាំយកមកជូន ប្រជាពលរដ្ឋប្រមាណ២៦៨ គ្រួសារ មកពី៥ភូមិ ក្នុងឃុំមេលំ និងក្រុមជាងកំពុងសាងសង់សាលប្រជុំដែលជាសមិទ្ធផល ក្នុងមូលដ្ឋានឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក្នុងនោះរួមមាន៖ គ្រឿងឧបភោគបរិភោគភេសជ្ជៈមានដូចជា ទឹកដោះគោ ស្ករស ទឹកបរិសុទ្ធ ទឹកក្រូច មី នំស្រួយ នំគីឡូ សារ៉ុង ក្រម៉ា អាវយឺត សរុបថវិកាចំណាយទាំងអស់មានចំនួន ២៧.៩៣០.០០០ រៀល ( ម្ភៃប្រាំពីរលាន ប្រាំបួនរយសាមសិបពាន់ រៀលគត់ )។