កិច្ចប្រជុំពិភាក្សាសម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា សម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមាន ការចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង អគ្គនាយិការរង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជំនាញជាច្រើនរូប។
ក្នុងឱកាសនៃកិច្ចប្រជុំ លោក លោកស្តី ជាអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញនីមួយៗ និងប្រធានមន្ទីររដ្ឋបាល នៃអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា បានលើកឡើងជាមតិយោបល ព្រមទាំងជម្រាបជូនអំពីរបាយការណ៍សមិទ្ធផល របស់នាយកដ្ឋាននីមួយៗ ដូចជានាយកដ្ឋានព័ត៌មាន នាយកដ្ឋានកម្មវិធី នាយកដ្ឋានបច្ចេកទេស និងនាយកដ្ឋានព័ត៌មានផ្សាយទៅ បរទេស សម្រេចអនុវត្តបាន ដូចជាការងារផ្សាយផ្ទាល់ ការផលិតបទយកការណ៍ កិច្ចសម្ភាសន៍សំខាន់ៗ កម្មវិធីព័ត៌មាន សិល្បៈ តន្ត្រី កីឡាជាដើម ក្នុងរយៈពេលមួយឆ្នាំនេះ។ បន្ថែមពីនេះ ក៏បានជម្រាបជូន ផងដែរ អំពីបញ្ហាប្រឈម និងដំណោះស្រាយ ដែលក្រុមការងារបានជួបប្រទះ ក្នុងរយៈពេល១ឆ្នាំ និងទិសដៅការងារបន្ត ក្នុងឆ្នាំ២០២៥ខាងមុខ ដើម្បីពង្រីកវិសាលភាពការងាររបស់អគ្គនាយកដ្ឋាន ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ចំពោះកិច្ច ខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក ដោយសម្រេចទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងការ ផលិតការងារព័ត៌មាន និងកម្មវិធីសំខាន់ៗជាប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋាន។
ឯកឧត្តម មានប្រសាសន៍បន្តអំពីការបូកសរុបរបាយការណ៍ ដើម្បីត្រៀមរៀបចំសន្និបាតលទ្ធផល ការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានទូរទស្សន៍ ជាតិកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។
ឯកឧត្តម បានមានអនុសាសន៍ណែនាំ លើកទឹកចិត្ត និងស្នើសុំដល់ក្រុមការងារទាំងអស់ឲ្យយក ចិត្តទុកដាក់បន្ថែមទៀត ក្នុងការគោរពតួនាទីភារកិច្ចការងារ រួមគ្នាធ្វើ រួមគ្នាគិត ដើម្បីសម្រេចទទួលបាន ជោគជ័យ ក្នុងការធ្វើឲ្យអគ្គនាយកដ្ឋានប្រព្រឹត្តទៅប្រកបដោយនិរន្តភាព និងបរិយាបន្ន៕