ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ

ខេត្តកំពត ៖ ដោយអនុវត្តតាមផែនការលេខ ៦៧/២០២៤ ផ.ក ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការ

ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពតំបន់ឆ្នេរ» នាព្រឹកថ្ងៃព្រហស្បតិ៏ ១២កើត ខែមិគសិរ  ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខសម្រាប់ពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣។

នៅសល់តែ០១ថ្ងៃទៀត ខេត្តកំពតនឹងទទួលធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យសមុទ្រសម្រាប់ឆ្នាំ២០២៤។ ពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពតំបន់ឆ្នេរ» នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤នៅទីលានឆ្នេរថ្មីចន្លោះស្ពានឥន្ធនូ(ស្ពានចាស់) និងស្ពានថ្មព្រែកកំពង់បាយថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ពិធីបើកជាផ្លូវការនៃពិធីបុណ្យសមុទ្រលើកទី១១នេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ គណៈប្រតិភូអន្តរជាតិ អង្គទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ។

នៅក្នុងពិធីបុណ្យសមុទ្រដ៏សប្បាយរីករាយនេះក៏មានព្រឹត្តិការណ៏អមផ្សេងៗជាច្រើនទៀតដូចជា ពិធីប្រណាំងទូក ការរត់កម្សាន្តមហាជនចម្ងាយ ០៥គីឡូម៉ែត្រ កម្មវិធីដាំដើមឈើអនុស្សាវរីយ៏ កីឡាបាល់ទាត់លើតុ កីឡាបេស្បលហ្វាយ កីឡាម៉ូតូទឹក កីឡាប៉ារ៉ាមូទ័រ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិពរណ៌សមិទ្ធផលនានា គម្រោងអភិវឌ្ឍន៏ឆ្នេរ និងផលិតផលខ្មែរ ការតាំងពិពរណ៌ពាណិជ្ជកម្ម ផលិតផលសហគ្រាសធុនតូច និងមធ្យម ការតាំងពិពរណ៌ពាណិជ្ជកម្មនិងផលិយផលបរទេស ការប្រគំតន្ត្រីនិងកំប្លែង ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ កីឡាប្រដាល់គុនខ្មែរ…។ល។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីស្នងការជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងនាយទាហានក្រោមឱវាទ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងមេបញ្ជាការអង្គភាពដែលមានការពាក់ព័ន្ធនៅក្នុងផែនការ។