ឯកឧត្តម ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ, ស្នើសុំឱ្យបន្តជួយផ្សព្វផ្សាយដល់វិនិយោគិនផ្សេងៗទៀតមកវិនិយោគនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ, ស្នើសុំឱ្យបន្តជួយផ្សព្វផ្សាយដល់វិនិយោគិនផ្សេងៗទៀតមកវិនិយោគនៅកម្ពុជា នេះប្រជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលរបស់ក្រុម យីៈ ចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី និងផ្លូវថ្នល់ប្រភេទផ្សេងគ្នាប្រវែង១៣០គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។ ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ, អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រុមហ៊ុន ជាច្រើនរូបទៀត។ 

លោកអគ្គនាយកក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធក្នុងការវិនិយោគពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០០៨ បច្ចុប្បន្នក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិជាច្រើនគម្រោង ក្នុងនោះគម្រោងវិនិយោគកោះសំពោចជាគម្រោងមួយក្នុងចំណោមគម្រោងទេសចរណ៍ធម្មជាតិផ្សេងទៀតដ៏មានភាពទាក់ទាញ។តំបន់ឆ្នេរមាស ឆ្នេរប្រាក់ ជាទីកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់មកកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពជាទីមនោរម្យ កន្លែងស្នាក់នៅមានផាសុកភាព និងភាពស្ងប់ស្ងាត់។

លោកក៏បានបង្ហាញនូវជំនឿជឿជាក់មកលើថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃបន្តវេន ចំពោះការផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត និងការធានានូវបរិយាកាសដល់អ្នកវិនិយោគិននានាជាដើម៕

ឯកឧត្តម  ហ៊ុន ម៉ានិត មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល សូមអរគុណចំពោះអ្នកវិនិយោគទាំងអស់

ទាំងវិនិយោគិនកម្ពុជា ទាំងវិនិយោគិនបរទេស ចំពោះការសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងបានចូលរួមលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា។ ដោយឡែកក្រុមហ៊ុន យីៈ ចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី បាន ធ្វើការវិនិយោគនៅកម្ពុជា ជាង៣២ឆ្នាំមកហើយ ដោយបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើតឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានិត បានបន្ថែមថា រាជរដ្ឋាភិបាល តែងគិតគូរពីសុខុមាលភាពរបស់វិនិយោគិនទាំងអស់ដោយយកចិត្ត ទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈមដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ធ្វើយ៉ាងណាឱ្យប្រទេសជាតិប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន យីៈ ចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី ជាពិសេសម្ចាស់ភាគីហ៊ុនទាំអស់ និងអគ្គនាយកក្រុមហ៊ុន ដែលនៅប្រចាំឈរនៅជើងនៅទីនេះ ហើយយើងនៅតែស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគផ្សេងៗដែលមានបំណងចាប់ដៃជាមួយក្រុមហ៊ុន យីៈ ចៀ»។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការដែលផ្តល់មធ្យោបាយងាយស្រួលបំផុតសម្រាប់វិស័យឯកជន ក្នុងការបញ្ចេញមតិ កង្វល់ និងសំណូមពរ។ រាជរដ្ឋាភិបាលនឹងបន្តដាក់ចេញនូវគោលការណ៍ និងប្តេជ្ញាចិត្តដើម្បីធ្វើយ៉ាងណាខិតខំឱ្យអស់លទ្ធភាព ដើម្បីបង្កលក្ខណៈឱ្យវិនិយោគិនក្នុងប្រទេសកម្ពុជាកាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៅទៀត។ កម្ពុជាបើកទ្វារ ហើយកម្ពុជាដាក់ចេញនូវកម្មវិធី និងគោលនយោបាយបុរេសកម្មដើម្បីទាក់ទាញបន្ថែមទៀត។ ថែរក្សាចាស់ ពង្រីកថ្មី ជាអភិក្រមដោះស្រាយ បញ្ហាទាន់ពេលវេលា និងកែលម្អបន្តទៅទៀតពោលគឺទន្ទឹមនឹងការខិតខំទាក់ទាញវិនិយោគថ្មីមក កម្ពុជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ធ្វើសកម្មភាពលើកស្ទួយ និងបង្ករលក្ខណៈឱ្យការវិនិយោគ នៅកម្ពុជាដែលកំពុងដំណើរការមានលទ្ធភាពបន្តជោគជ័យ និងពង្រីកសមត្ថភាពរបស់ខ្លួនបន្តទៀត។