រដ្ឋមន្ត្រីក្រសួងព័ត៌មានបើកវេទិកាជាមួយម្ចាស់ស្ថានីយវិទ្យុនិងទូរទស្សន៍ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីស្វះស្វែងរកដំណោះស្រាយរួមគ្នា ធានាឱ្យបាននូវនិរន្តរភាពនៃដំណើរការប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណនិងប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងបរិបទឌីជីថល

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាចំពោះមុខនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រឈមមុខនឹងការប្រកួតប្រជែងខ្ពស់ និងការធ្លាក់ចុះចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ ប្រឈមមុខនឹងបញ្ហាទាំងនេះ ទើបក្រសួងព័ត៌មានបានរៀបចំវេទិកា ជំនួបជាមួយម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីខិតខំរិះរកដំណោះស្រាយរួមគ្នា។

វេទិការវាងក្រសួងព័ត៌មាន និងម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មសហការរៀបចំដោយក្រសួងព័ត៌មាន និងក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅ ដោយមានការអញ្ជើញចូលរួមពីតំណាងម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍និងក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មកំពុងប្រកបមុខរបរក្នុងប្រទេសកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាក្នុងបរិបទឌីជីថល និងការរីកចម្រើនយ៉ាងឆាប់រហ័សបច្ចេកវិទ្យាព័ត៌មាន, ប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមានទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តីប្រឈមមុខនឹងការបាត់បង់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនេះជាបញ្ហាប្រឈមស្រួចស្រាល់មួយដែលប្រព័ន្ធផ្សព្វផ្សាយកំពុងជួបប្រទះហើយធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណមួយចំនួនបានបិទទ្វារ និងកំពុងប្រឈមនឹងបញ្ហា។ ដូច្នេះសម្រាប់កិច្ចពិភាក្សានាពេលនេះ ដើម្បីធ្វើសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការ ហើយរួមគ្នាដោះស្រាយ៕