ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួមវេទិកាតុមូលសម្រាប់យុវជន ស្តីពីពុទ្ធសាសនានៅសមុទ្រចិនខាងត្បូង
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមវេទិការតុមូលសម្រាប់យុវជនស្តីពី «ពុទ្ធសាសនានៅសមុទ្រចិនខាងត្បូង» នៅទីក្រុងកដ្ឋមណ្ឌូនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។
វេទិកាតុមូលសម្រាប់យុវជននេះស្តីពី «ពុទ្ធសាសនានៅសមុទ្រចិនខាងត្បូង» នាឱកាសនេះ មានការនិមន្តនិងអញ្ជើញចូលរួមដោយព្រះតេជគុណ យិន ស៊ុន (Master Yin Shun) អនុប្រធានគណៈកម្មាធិការសមាគមព្រះពុទ្ធសាសនាចិន និងជាព្រះគ្រូចៅអធិការវត្តហុងហ្វា ស៊ិនជិននៃសាធារណរដ្ឋប្រជាជនចិន និងឯកឧត្តម ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងស្ថាប័នសមាគមព្រះពុទ្ធសាសនាជាច្រើនអង្គ/នាក់។
សូមជម្រាបជូនថា វេទិកាតុមូលសម្រាប់យុវជនស្តីពី «ពុទ្ធសាសនានៅសមុទ្រចិនខាងត្បូង» ជាវេទិកាក្នុងកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៩ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ឫសគល់ក្នុងការចែករំលែកព្រះធម៌ និងការរួបរួមគ្នា ដើម្បីសុខដុមនីយកម្មសកល» ដែលបានប្រព្រឹត្តទៅក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជនក្នុងតំបន់ និងសកលលោក ព្រមទាំងពង្រឹងចំណងមិត្តភាពប្រទេសនៅតាមសមុទ្រចិនខាងត្បូង ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យដ៏ថ្លៃថ្នូរនៃការកសាងសហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិក្នុងតំបន់ និងសកលលោក៕