ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើស សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចាប់ផ្តើមប្រកាសព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤
ដំណើរការប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) ចាប់ផ្តើមប្រកាស នៅរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមជាសាក្សី និងសក្ខីភាពពី ក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាលតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។
លទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ( វិញ្ញាសាសរសេរលើកទី២) បេក្ខជនជាប់ជាស្ថាពរសរុប ៦៨នាក់ ក្នុងនោះស្រី ២៣នាក់ ។ ចំណែកលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) សរុបបេក្ខជនជាប់ផ្លូវការមាន ១៨០ នាក់ ក្នុងនោះ ស្រី៥៤ នាក់ បេក្ខជនជាប់បម្រុងមាន ១២៤នាក់ ស្រី២៩នាក់ ។
សូមជម្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែង បានជូនដំណឹងដល់បេក្ខជន ដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើក២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល ឱ្យបានជ្រាបដែរថា បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់បន្តទៀត នៅសម័យប្រឡងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ចំពោះការបែងចែកលេខបន្ទប់ និងព័ត៌មានផ្សេងៗ ពាក់ព័ន្ធដំណើរការនៃការប្រឡង នឹងត្រូវប្រកាសផ្សព្វផ្សាយនៅពេលក្រោយ។
សូមជម្រាបថា ចាប់តាំងពីដំណាក់កាលប្រឡងរហូតដំណាក់កាលកំណែសន្លឹកកិច្ចការ និងរហូតមកដល់ដំណាក់កាលប្រកាសលទ្ធផល ស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕