ឯកឧត្តម បណ្ឌតិ អ៊ាង សុផល្លែត ៖ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ ២០២៨ ក្នុងនោះមាន “ភាពស្អាត”
ឯកឧត្តម បណ្ឌតិ អ៊ាង សុផល្លែត បានលើកឡើងថា ក្រសួងបរិស្ថាបាន បានដាក់ចេញនូវ“យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ ២០២៨” យុទ្ធសាស្រ្តនេះរៀបចំឡើងជារង្វង់(ចក្រា) នៅរង្វង់ខាងក្នុងមានស្នូលយុទ្ធសាស្រ្តធំៗចំនួន៣ គឺគោលនយោបាយ រដ្ឋបាលឌីជីថល និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន នៅរង្វង់ខាងក្រៅមានយុទ្ធសាស្ត្រស្នូលធំៗចំនួន៣ទៀត ក្នុងនោះ ភាពស្អាត ។
ប្រសាសន៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធី បើក “សន្និបាតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” របស់ក្រសួងបរិស្ថាន។ ពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត និងតំណាងអង្គការជាតិ អន្តរជាតិជាដៃគូ ជាច្រើនរូប។
ឯកឧត្តម បណ្ឌិតរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា “ភាពស្អាត” ក្រសួងបានបើកយុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ” និងពង្រឹងនូវការត្រួតពិនិត្យ និងវិភាគគុណភាពខ្យល់។ លទ្ធផលរក្សាគុណភាពខ្យល់បានល្អ និងបានផ្សព្វផ្សាយប្រចាំថ្ងៃជូនសាធារណៈជនយល់ដឹង។ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង៩,៧លានអង្គនាក់ និង“កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមអនុវត្តប្រមាណជាង ៣,៥លាន អង្គនាក់។ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវក្នុងខេត្តចំនួនដប់មួយ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣ ដើម្បីរៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ។
ឯកឧត្តម រដ្ឋមន្ត្រី គូសបញ្ជាក់បន្ថឬមថា ក្រសួងបានកែលម្អស្ថានីយ៍ គ្រប់គ្រងសំណល់រឹង រាវ តាមស្តង់ដារ និងមានអនាម័យបានល្អ។ បង្កើនការត្រួត ពិនិត្យនិងធ្វើតេស្តគុណភាពទឹកទូទាំងប្រទេសបានល្អ។ ជំរុញការបំពាក់ឧបករណ៍ ស្វ័យប្រវត្តិតាមរោងចក្រ សហគ្រាស បង្កើនការទប់ស្កាត់ការហូរសារធាតុពុលចូល ទៅក្នុងប្រភពទឹកស្អាតសាធារណៈ៕