កម្ពុជា-នេប៉ាល់ ឯកភាព ក្នុងការ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អ លើវិស័យសាសនា រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំនិងល្អថែមទៀត នាពេលអនាគត
បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៩ ឆ្នាំ២០២៤ នៅទីក្រុងកដ្ឋមណ្ឌូនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ទ្វេភាគី ជាមួយឯកឧត្តម បាឌ្រី ប្រាសាទ ភែនឌី (Badri Prasad Pandey) រដ្ឋមន្ត្រី ក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នៅទីក្រុងកាត់ម៉ានឌូ ។
ភាគីទាំងពីរបានឯកភាព ក្នុងការ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អ លើវិស័យសាសនា រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំនិងល្អថែមទៀត នាពេលអនាគត។
ក្នុងជំនួបនោះ ឯកឧត្តម បាឌ្រី ប្រាសាទ ភែនឌី រដ្ឋមន្ត្រី ក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានសំណូមពរ ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការតភ្ជាប់ជើងហោះហើរត្រង់ពីភ្នំពេញមកនេប៉ាល់។
ឯកឧត្តម បាឌ្រី ប្រាសាទ ភែនឌី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ជំនួយ ក្នុងវិបត្តិនៃជំងឺ covid 19 ដល់សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ កន្លងមកផងដែរ ។
ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនភាគីនេប៉ាល់ស្តីពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានសំណូមពរដល់ភាគីនេប៉ាល់ ពិចារណាក្នុងការលើកលែងទិដ្ឋាការសម្រាប់ព្រះសង្ឃខែ្មរ ដែលគង់នៅវត្តខ្មែរលុម្ពិនី ផងដែរ ។
ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ក៍បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរស៊ីវិល មកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីបានស្វែងយល់ពីព្រះពុទ្ធសាសនា វប្បធម៌ប្រពៃណី និងតំបន់ទេសចរណ៍ជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺប្រាសាទអង្គរវត្ត នៅក្នុងពេលវេលាសមស្របណាមួយ ។