ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រៀបចំប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”
នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅរមណីយដ្ឋានម៉ាហ្វីយ៉ា (Mafiya’s Resort) ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” រយៈពេល ១១ ខែ ឆ្នាំ២០២៤។
ក្នុងរយៈពេល ១១ ខែ នេះ, ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ ចំនួន ២១៣ គម្រោង ស្មើនឹង ២១៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១០០ គម្រោង ដែលមានទុនវិនិយោគ ៦ ០២៦ លានដុល្លារអាម៉េរិក លើសសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១ ០០០ លានដុល្លារ និង ដែលប៉ាន់ស្មានអាចបង្កើតការងារ ឬ ត្រូវការកម្មករ និយោជិត ចំនួន ៣៩ ៥៧៨ កន្លែង លើសសូចនាករសមិទ្ធកម្ម ដែលកំណត់ត្រឹម ៥ ០០០ កន្លែង រួមមាន ៖
សូមគូសបញ្ជាក់ថា គម្រោងទាំងអស់ខាងលើ គ្របដណ្ដប់លើវិស័យសំខាន់ៗ រួមមាន អចលនទ្រព្យ (អគារពហុមុខងារ និង គម្រោងអភិវឌ្ឍលំនៅឋាន) មាន ៨៦ គម្រោង ស្មើនឹង ៤០% ដែលមានទុនវិនិយោគ ២១៥៥ លានដុល្លារអាម៉េរិក, ទេសចរណ៍ មាន ៦០ គម្រោង ស្មើនឹង ២៨% ដែលមានទុនវិនិយោគ ២ ១៨១ លានដុល្លារអាម៉េរិក, ឧស្សាហកម្ម មាន ៣៥គម្រោង ស្មើនឹង ១៦% ដែលមានទុនវិនិយោគ ១ ១៩០ លានដុល្លារអាម៉េរិក,និង វិស័យផ្សេងទៀត មាន ៣២ គម្រោង ដែលមានទុនវិនិយោគ ២៣៧ លានដុល្លារអាម៉េរិក។
ដោយឡែក, គិតត្រឹមខែតុលា ឆ្នាំ ២០២៤ ក្នុងចំណោម ១៦៥ គម្រោង ដែលបានទទួលគោល–ការណ៍លើកទឹកចិត្តពិសេស, គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់ មាន ២៨ គម្រោង ស្មើនឹង ២៣%, គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ៦៩ គម្រោង ស្មើនឹង ៤២% និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ៥៨ គម្រោងស្មើនឹង ៣៥% ។
ជាមួយនេះ, ក្រុមការងារបានសម្របសម្រួល ក្នុងការកសាងផ្លូវបេតុងដើម្បីតភ្ជាប់គម្រោងអគារស្នាក់នៅរួម, គម្រោងរមណីយដ្ឋាន, គម្រោងស្ទីម សូណា, និង គម្រោងសាលារៀនចំណេះទូទៅ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ និង ក្រុងកោះរ៉ុង, សម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៦ គម្រោង ហើយនឹងបន្តដោះស្រាយបន្ថែមទៀត ក្នុងពេលដ៏ខ្លីខាងមុខ, និង ចុះបញ្ជីសហគ្រាស ចំនួន ៧ គម្រោង ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ, ក្រសួងយុត្តិធម៌, ស្ថាប័នពាក់ព័ន្ធ និង ម្ចាស់គម្រោង ។
សូមជម្រាបជូនថា “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០២៤, បានបង្កើតគំរូមួយសម្រាប់ជំរុញការវិនិយោគព្រោះកម្មវិធីពិសេសបានបង្កើតជំនឿទុកចិត្ត និង សម្រាលការលំបាកនានាក្នុងការអនុវត្តគម្រោង, លើកកម្ពស់បរិយាកាសវិនិយោគ ខណៈដែលអគារជាប់គាំង ត្រូវបានចាប់ផ្តើមសាងសង់ និង សកម្មភាពធុរកិច្ចមានការកើនឡើង ព្រមទាំងទាក់ទាញគម្រោងវិនិយោគសក្តានុពល ដូចជា រោងចក្រផលិតបន្ទះសូឡា, រោងចក្រផលិតស៊ុមអាលុយមីញូម, សួនកសិ–ឧស្សាហកម្ម, និង តំបន់សេដ្ឋកិច្ចពិសេស ជាដើម ព្រមទាំងបានជំរុញឱ្យមន្ត្រីរាជការពាក់ព័ន្ធ និង ថ្នាក់ដឹកនាំ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ យល់ និង ប្រកាន់របៀបធ្វើការដោយសកម្ម និង បុរេសកម្ម ក្នុងការផ្តល់សេវាឱ្យរហ័ស និង សម្រួលនីតិវិធីដល់វិស័យឯកជន។
ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម, ការគាំទ្រ, ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាពនិង ប្រសិទ្ធភាព ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ“។
ជាមួយនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិនរួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស»នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕