ដាក់ដំណើរការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ ក្រោយចំណាយទុនវិនិយោគជាង១,៤លានដុល្លារ

រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាត បឹងធំ ស្ថិតក្នុង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត បានក្នុងបរិមាណ៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ដែលតែងជួបកាតលំបាក និងការខ្វះខាតទឹកស្អាតប្រើប្រាស់ និងបរិភោគ។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បឹងធំ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយ នឹងអនុរដ្ឋមន្ត្រី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន បានចូលរួមជាសក្ខីភាព កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ដែលមានលទ្ធភាពផលិតទឹកស្អាតចំនួន៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ អាចធ្វើការផ្គត់ផ្គង់ទឹកស្អាតបាន១០០ភាគរយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងធំ, សង្កាត់ប្រទះឡាង, សង្គាត់ភ្លើងឆេះរទះ, និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល សរុបប្រមាណជា៣ពាន់គ្រួសារ។ ប្រវែងបណ្តាញចែកចាយទឹកមានប្រមាណ៩១គីឡូម៉ែត្រ ខណៈប្រភពទឹកឆៅត្រូវបានទាញយកពីស្ទឹងព្រែកត្នោត។ឯកឧត្តម បានបន្តថា សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចំនួនជាង១លាន៤៩ម៉ឺនដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ឯកឧត្តម បានថ្លែងថា តាមរយៈការសម្ពោធដាក់ឱ្យដំណើរការនូវសមិទ្ធផលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងមានសមត្ថភាពផលិតទឹកស្អាតសរុបជាង៩៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងប្រវែងបណ្តាញចែកចាយទឹកសរុប៤.៨៧០ គីឡូម៉ែត្រ ដែលនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតប្រកប ដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅឆ្នាំ២០២៤ និងបានចូលរួមចំណែកធ្វើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចឈានទៅសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចរីភាព (SDGs) ដើម្បីធានាបាននូវទឹកស្អាត និងអនាម័យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប១០០ភាគរយ ចាប់ពីឆ្នាំ២០៣០តទៅ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហែម វណ្ណឌី បានថ្លែងថា ក្រសួងតែងតែលើកទឹកចិត្ត ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពង្រីកបណ្ដាញផ្គត់ផ្គង់ទឹកស្អាត ជូនទៅដល់ប្រជាពលរដ្ឋ នៅជាយរាជធានីភ្នំពេញ ដើម្បីរួមចំណែកសម្រេច គោលនយោបាយ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៩-២០២៣០។ ឯកឧត្តម រដ្ឋមន្ត្រី បានអះអាងថា គុណភាពទឹក ដែលចេញពីបំពង់ របស់រដ្ឋាករទឹកនេះ គឺពិសារ បានតែម្តង។

ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា “ការផ្គត់ផ្គង់នេះមិនត្រឹមតែឆ្លើយតបទៅ នឹងតម្រូវការប្រើប្រាស់ទឹកស្អាត ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែក ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម និងសេវាកម្មគ្រប់វិស័យ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។”ឯកឧត្តម រដ្ឋមន្ត្រី បានរំលេចពីភាព ជាដៃគូដ៏រឹងមាំ រវាងកម្ពុជា និងជប៉ុន ក្នុងវិស័យទឹកស្អាត ដោយក្នុងនោះ មានគម្រោងចំនួន៣១ ដែលបានអនុវត្តរួច និងកំពុងអនុវត្ត រួមមានទាំងគម្រោងកសាងសមត្ថភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានសេវាទឹកស្អាតនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា រោងចក្រផលិតទឹកស្អាតបឹងធំ គឺជាសមិទ្ធផលទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានធ្វើការសិក្សា និងសាងសង់ដោយខ្លួនឯង បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត “មេ្លច” នៅខេត្តកំពត។ រោងចក្រថ្មីនេះផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាពស្របតាមស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ និងស្តង់ដារគុណភាពទឹកស្អាតរបស់អង្គការសុខភាពពិភពលោក៕