រដ្ឋមន្រ្តីក្រសួងសុខាភិបាល  បានលើកយកប្រធានបទ៖ ការបង្កើនសមិទ្ធិផលការងារ (performance) របស់បុគ្គល ក្រុមការងារក្នុងវិស័យសុខាភិបាល

ជាកិច្ចចាប់ផ្ដើម÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើប្រធានបទ ការបង្កើនសមិទ្ធិផលការងារ (performance) របស់បុគ្គល/ក្រុមការងារក្នុងវិស័យសុខាភិបាល ដោយសង្កត់ធ្ងន់ថា ដើម្បីបង្កើនប្រសិទ្ធិភាពការងារក្នុងវិស័យសុខាភិបាល បុគ្គលិកសុខាភិបាលគ្រប់រូបត្រូវធ្វើការឱ្យចេញជាសមិទ្ធិផល ហើយសមិទ្ធផលទាំងនេះនឹងត្រូវកើតឡើងជាបន្តរបន្ទាប់ មិនមែនគ្រាន់តែកើតឡើងដោយចៃដន្យ ឬម្តងម្កាលនោះទេ។ បន្ថែមពីលើនេះ អ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក៏ត្រូវរៀបចំក្រុមការងារឱ្យមានប្រសិទ្ធិភាព សម្រាប់បំពេញការងារតាមអង្គភាពផងដែរ។

ដើម្បីដឹកនាំក្រុមការងារអោយមានប្រសិទ្ធិភាព អ្នកដឹកនាំត្រូវ (១).ចេះប្រែក្លាយការងារពីអតីតកាល អោយក្លាយជាកម្លាំងវិជ្ជមាន និងបន្តរខិតខំកែរលំអរការងារកន្លងមក អោយកាន់តែប្រសើរឡើង (២).ត្រូវផ្តល់ក្តីសង្ឍឹមដល់សមាជិកក្រុមការងារ និង យកចិត្តទុកដាក់ស្តាប់ ផ្តល់ការគិតគូរនិងជួយដល់បុគ្គលិកដោយក្តីសុច្ចរិត (៣).មានភាពបត់បែនក្នុងការងារដើម្បីធ្វើអោយក្រុមការងារឬអង្គភាពមានភាពរស់រវើក ឬ ភាពទាក់ទាញអោយមានការចូលរួមកាន់តែច្រើនពីបុគ្គលិកនិងភាគីពាក់ពន្ធ័ (៤).បង្កើតបរិស្ថានការងារដែលរីកចំរើននិងមាននិរន្តរភាពតាមរយៈការជួយគ្នាទៅវិញទៅមក និង (៥). ត្រូវជំរុញអោយមានការរក្សាអោយបាននូវមនសិការវិជ្ជាជីវៈសុខាភិបាលនិងជំរុញអោយក្រុមការងារសម្រេចបានសមិទ្ធផលសម្រាប់វិស័យសុខាភិបាលទាំងមូល។

ការថ្លែងរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល  បែបនេះនៅ ក្នុងឱកាស  ឯកឧត្តមធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤ ១៥៣ នាក់នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាការណែនាំសម្រាប់ការងារជ្រើសរើសមន្រ្តីបម្រើការងារតាមអង្គភាពក្នុងវិស័យសុខាភិបាល ឱ្យធ្វើការជ្រើសរើសដោយភាពត្រឹមត្រូវជានិច្ចជាកាល។

នៅសប្តាហ៍នេះដែរ  ឯកឧត្តមសាស្រ្តាចារ្យ ក៏បានអនុញ្ញាតឲ្យមានធ្វើការបទបង្ហាញពីការធ្វើ PDIA សម្រាប់ទាក់ទាញការមកប្រើប្រាស់សេវានៅមន្ទីរពេទ្យបង្អែកស្រុកមេសាង នៃរដ្ឋបាលខេត្តព្រៃវែង៕