ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសក៍ ឆ្នាំ២០២៤

យើងត្រូវតែរួមគ្នា ដើម្បីធ្វើយ៉ាងណាគាំទ្រ ការធ្វើទេសន្តរប្រវេសក៍ការងារ ប្រកបដោយសុវត្ថិភាព មិនថាតែប្រទេសកម្ពុជានោះទេ ប៉ុន្តែគឺយើងត្រូវធ្វើយ៉ាងណា ឲ្យការធ្វើទេសន្តរប្រវេសក៍ការងារ របស់ប្រជាជននៅលើសកលលោក អាចអនុវត្តទៅបានប្រកបដោយសុវត្ថិភាព ហើយពលករទេសន្តរប្រវេសក៍ ទទួលបានការការពារសិទ្ធ និងអត្ថប្រយោជន៍ស្របច្បាស់ពេញលេញ។ នេះជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធី បើកទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសក៍ ឆ្នាំ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឪវាទ, អង្គការសហប្រជាជាតិ UN ប្រចាំកម្ពុជា, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ SDC, អង្គការអន្តរជាតិខាងការងារ ILO ប្រចាំកម្ពុជា, អង្គការអន្តរជាតិទេសន្តរប្រវេសក៍ IOM ប្រចាំកម្ពុជា, តំណាងស្ថានបេសកម្មបរទេសនៅកម្ពុជា និងវិស័យពាក់ព័ន្ធទាំងអស់ផងដែរ។

លោកជំទាវ បន្តទៀតថា នេះជាឆ្នាំទី៣ហើយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីនេះឡើង ក្នុងគោលបំណង លើកកម្ពស់ការចូលរួមចំណែក របស់ពលករទេសន្តរប្រវេសក៍ និងគោរពសិទ្ធរបស់ពួកគេ ដែលផ្តោតលើខ្លឹមសារសំខាន់ៗ លើការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ ពលករទេសន្ដរប្រវេសក៍ គឺការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសក៍ ធានាថាពួកគេមានលទ្ធភាពទទួលបាន ការគាំពារដោយយុត្តិធម៌ លក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព និងសេវាកម្មសំខាន់ៗ -ការជំរុញឱ្យមានបរិយាកាសដែលគាំទ្រពលករទេសន្តរប្រវេសក៍ ប្រកបដោយការគោរព និងការគាំពារសេចក្ដីថ្លៃថ្នូរ និងសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ និងសមាជិកគ្រួសាររបស់ពួកគេ -ការបង្កើនការយល់ដឹងអំពីការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍនិងការទទួលស្គាល់ជំនាញ ការផ្តល់ជំនួយផ្លូវច្បាប់ជូនដល់ពលករទេសន្តរប្រវេសក៍ និងបញ្ហាប្រឈមរបស់ពលករ -ការផ្តល់ព័ត៌មានអំពីការធ្វើទេសន្តរប្រវេសក៍ដោយសុវត្ថិភាព និងស្របច្បាប់ ដល់ប្រជាពលរដ្ឋ មុនពេលសម្រេចចិត្តធ្វើទេសន្តរប្រវេសក៍ការងារទៅបរទេស ដែលជាជម្រើសចុងក្រោយ និងត្រូវធ្វើទេសន្តរប្រវេសក៍ដោយស្របច្បាប់។ 

ទិវាអន្តរជាតិ សម្រាប់ពលករទេសន្តរប្រវេសក៍ នឹងក្លាយជាឱកាសមួយ ដើម្បីលើកកម្ពស់ការសន្ទនា និងការយល់ដឹងអំពីការធ្វើទេសន្តរប្រវេសក៍ការងារ និងចែករំលែកបទពិសោធន៍ និងបំណងប្រាថ្នារបស់ ពលករទេសន្តរប្រវេសក៍ នៅក្នុងសហគមន៍។

លោកជំទាវ បញ្ជាក់ដែលថា ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា ការប្រារព្ធទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសក៍នេះ ពិតជាបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងតួនាទីរបស់ពលករទេសន្តរប្រវេសក៍ ក្នុងការរួមចំណែកជាវិជ្ជមាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងផ្តល់ឱកាស ដល់អ្នកពាក់ព័ន្ធបានចែករំលែកនូវភាពជោគជ័យ បទពិសោធន៍ល្អៗ និងក្របខណ្ឌអភិបាលកិច្ចទេសន្តរប្រវេសក៍ការងាររបស់កម្ពុជា។

សូមជម្រាបជូនថា សម្រាប់ការធ្វើទេសន្តរប្រវេសក៍ជោគជ័យ ត្រូវការភាគី ៥ ចូលរួម ដូចជា

១-បងប្អូនពលករដែលមានបំនងទៅធ្វើការ នៅបរទេសប្បាយចិត្ត ព្រោះទទួលបានការងារ ដែលមានលក្ខខណ្ឌសមរម្យ និងមានការយកចិត្តទុកដាក់ និងទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ 

២- និយោជកនៅប្រទេស សប្បាយចិត្ត ព្រោះមានកម្លាំងពលកម្ម សម្រាប់ច្រវាក់ផលិតកម្មរបស់ខ្លួន

៣- ក្រុមគ្រួសាររបស់បងប្អូនពលករ សប្បាយចិត្ត និងអបអរសាទរ ព្រោះកូនចៅរបស់ខ្លួន មានការងារធ្វើដោយសុវត្ថិភាព និងមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល

៤- អ្នកសម្របសម្រួល ឬភ្នាក់ងារជ្រើសរើសឯកជនពីប្រទេសបញ្ជូន និងដៃគូរទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា នៅប្រទេសគោលដៅ សប្បាយចិត្ត ដោយមិនមានបណ្តឹងពីបងប្អូនពលករ និងទទួលបានប្រាក់ចំណេញ សមរម្យដោយមិនហួសហេតុ ដែលគ្រប់ភាគីទទួលលយកបាន

៥- រដ្ឋាភិបាលប្រទេសបញ្ជូន និងប្រទេសទទួលដែលត្រូវសប្បាយចិត្ត។ កម្ពុជាដែលជាប្រទេសបញ្ជូន សប្បាយចិត្តដោយពលរដ្ឋរបស់ខ្លួនទទួលបានការគាំពារ និងកិច្ចអន្តរាគមន៍ពីប្រទេសទទួល ហើយប្រទេសទទួលក៏សប្បាយរីករាយ ដោយសារមានកម្លាំងពលកម្ម ដើម្បីធានានិរន្តរភាព សេដ្ឋកិច្ចនៃប្រទេសជាតិរបស់ខ្លួន។