គណៈវិស្វករកម្ពុជាវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មដល់បេក្ខជនវិស្វករអាជីព

អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បានរៀបចំពិធីវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មដល់បេក្ខជនវិស្វករអាជីពរបស់ខ្លួនចំពោះមុខគណៈកម្មាធិការ មេប្រយោគ និងគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ដែលត្រូវបានតែងតាំងតាមសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា តាមមុខជំនាញ វិស្វកម្មដោយឡែកៗពីគ្នា  ក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករ  កម្ពុជា ស្ថិតនៅអាគាររបស់គណៈវិស្វករកម្ពុជា តាមបណ្តោយមហាវិថីហានណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  ឯកឧត្តម សុខុម រិទ្ធីវុធ បានបញ្ជាក់ថា ដើម្បីធ្វើតេស្តជ្រើសរើសវិស្វករអាជីពចំពោះវិស្វករ ដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាដែលគណៈវិស្វករកម្ពុជាបានរៀបចំការប្រឡងជ្រើសរើសនេះឡើង ដោយមានបេក្ខជនវិស្វករសរុបចំនួន ៧៧នាក់ ដោយចែកចេញជា២ថ្ងៃ ក្នុងនោះថ្ងៃទី១ គឺធ្វើនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ មានបេក្ខជនវិស្វករ ៤០នាក់ ថ្ងៃទី២ គឺធ្វើនៅថ្ងៃទី១៨ ខែធ្នូ ឆ្នំា២០២៤ មានបេក្ខជនវិស្វករ ៣៧នាក់។ នៅក្នុងចំណោមបេក្ខជនទាំង ៧៧នាក់នោះមានវិស្វករសំណង់ស៊ីវិលចំនួន ៦៦នាក់, អគ្គិសនី ៦នាក់, ធនធានរ៉ែ និងភូគព្ភសាស្រ្ត ២នាក់, វិទ្យាសាស្រ្តកុំព្យូរ២នាក់ និងទេពកោសល្យជនបទចំនួន ១នាក់។ ឯកឧត្តម អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានបន្តថា វិស្វករ ជាធនធានបញ្ញវ័ន្តវិស្វកម្មជាតិ និងជាកំលាំងចលករមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ដែលតម្រូវឱ្យវិស្វករមានការសិក្សាស្វែងយល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ននិងអនាគត។ ធនធានបញ្ញវន្ត និងមានក្រមសីលធម៌វិជ្ជាជីវៈ គឺជាសក្តានុពលមួយផ្នែកដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈលទ្ធផលការងារល្អ និងការទទួលខុសត្រូវចំពោះស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន ដែលវិស្វករជាតិ មានកម្រិតវិជ្ជាជីវៈស្តង់ដារ ព្រមទាំងសមត្ថភាពជំនាញ កំពុងសកម្មវិនិយោគលើវិស័យជាច្រើនក្នុងសង្គមកម្ពុជា។ ឯកឧត្តម សុខុម រិទ្ធីវុធ មានប្រសាសន៍បន្តថា បច្ចុប្បន្នគណៈវិស្វករកម្ពុជា ជាសមាជិកស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ាន (AFEO) និងគណៈកម្មាធិការសម្របីសម្គាល់វិស្វករអាជីពឆ្នើមអាស៊ាន (ACPECC) ដែលផ្ដល់លទ្ឋភាព តាមរយៈការទទួលបាននូវ គោរមងារជាវិស្វកអាស៊ាន និងវិស្វករអាជីពីឆ្នើមអាស៊ាន។ ដើម្បីទទួលបាននូវគោរមងារឱ្យវិស្វករអាជីពជាតិ មានឱកាសធ្វើចល័តភាពក្នុងតំបន់ទាំងនោះ តម្រូវឱ្យវិស្វករជាតិទទួលបានជោគជ័យលើការវាយតម្លៃវិស្វករអាជីពជាតិ និងបំពេញលក្ខខណ្ឌតម្រូវរបស់ស្ថាប័ននីមួយៗដូចខាងក្រោម៖ សម្រាប់ស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ាន (AFEO) ជាវិស្វករអាជីពជាតិ និងមានបទពិសោធន៍វិជ្ជាជីវៈវិស្វកម្ម៧ឆ្នាំ ក្រោយបញ្ចប់ បរិញ្ញាបត្រវិស្វកម្ម, មានចំណេះដឹងភាសាអង់គ្លេស នឹងចេះប្រើប្រាស់កុំព្យូទ័រ សម្រាប់គណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ាន (ACPECC) ជាវិស្វករអាជីពជាតិ ៥ឆ្នាំ, មានចំណេះដឹងភាសាអង់គ្លេស និងចេះប្រើប្រាស់កុំព្យូទ័រ។

សូមបញ្ជាក់ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ គណៈវិស្វករកម្ពុជា បានវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម និងផ្តល់គោរមងារជា ៖ ១. វិស្វករអាជីពជាតិចំនួន ១០៧០នាក់ (ស្រីចំនួន ១៦នាក់)

២. វិស្វករអាស៊ានចំនួន ៦១១នាក់ (ស្រីចំនួន ៦នាក់) ៣. វិស្វករអាជីពឆ្នើមអាស៊ានអាស៊ានចំនួន ១២៤នាក់ (ស្រីចំនួន ១នាក់)។ ក្នុងចរន្តភាវូបនីយកម្មក្នុងតំបន់ និងសកលលោក និងក្នុងយុគ្គសម័យបរិវត្តកម្មឌីជីថល វិស្វករគ្រប់រូប ត្រូវអភិវឌ្ឍន៍សមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈជានិរន្ត ដើម្បីស្វែងយល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យាមានក្រមសីលធម៌វិជ្ជាជីវៈល្អ និងការទទួលខុសត្រូវខ្ពស់ បើពុំដូច្នោះទេយើងនឹងមិនអាចប្រកួតប្រជែងទីផ្សារសេវាវិស្វកម្មសេរី ជាមួយវិស្វករមកពីក្រៅប្រទេសបានឡើយ ហើយយើងប្រឈមនឹងការបាត់បង់ឱកាសប្រកួតប្រជែងជាមិនខាន៕