កម្ពុជា និងជប៉ុន ពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ឯកឧត្តម FUNAKOSHI Takehiro អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីកម្ពុជា-ជប៉ុន លើកទី២។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម FUNAKOSHI Takehiro បានពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើការវិវត្តថ្មីៗនៃស្ថានការណ៍តំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ផងដែរ។