ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជំរុញក្រសួងបរិស្ថាបបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំណល់រឹង និងសំណល់រាវឱ្យបានល្អប្រសើរ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឱ្យក្រសួងបរិស្ថាបបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់នូវភាពស្អាត និងភាពបៃតង ក៏ដូចជាឆ្លើយតបនឹងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវចម្រុះ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី១៨ ខែធ្នូនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា លើការងារសំណល់រឹង, ក្រសួងបរិស្ថាន ត្រូវបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ រោងចក្រ សហគ្រាស លើការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក «យុទ្ធនាការថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយកែប្រែការអនុវត្តទៅជាចលនា និងបន្តឱ្យក្លាយទៅជាទំលាប់។
ជាមួយគ្នានេះ គួររៀបចំជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍនពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម ដូចជា ធនាគារសំរាម ឱ្យមានកន្លែងទុកដាក់ត្រឹមត្រូវ និងការញែកសំរាមតាមផ្នែក ឬប្រភេទ និង ជំរុញការអនុវត្តគោលការណ៍ ៤ក(4R) ឱ្យបានទូលំទូលាយដល់សហគមន៍របស់យើង។
លើការងារសំណល់រាវ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានថ្លែងថា ក្រសួងបរិស្ថាន ត្រូវបន្តចាត់វិធានការនានាពាក់ព័ន្ធនឹងការត្រួតពិនិត្យគុណភាពទឹក ក្នុងនោះត្រូវ៖ ១. ពន្លឿនការចុះត្រួតពិនិត្យការងារអធិការកិច្ចការបំពុល និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដោយត្រូវអនុវត្តច្បាប់ជាធរមានចំពោះការអនុវត្តបទល្មើស, ជំរុញការបំពាក់ឧបករណ៍ស្វ័យប្រវត្តិ ត្រួតពិនិត្យការបញ្ចេញកាកសំណល់រាវនៅតាមរោងចក្រ សហគ្រាសឱ្យបានគ្រប់រោងចក្រ សហគ្រាសដែលបានកំណត់។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា កាត់បន្ថយការនាំចូលថង់ប្លាស្ទិក រយៈពេល១០ខែ ក្នុងឆ្នាំ២០២៤នេះ បាន៨៨ភាគរយ បើធៀបនឹងការនាំចូលក្នុងឆ្នាំ២០២៣។ កាត់បន្ថយសំរាម ថង់ប្លាស្ទិករ៉ាយប៉ាយនៅតាមដងផ្លូវសាធារណៈក្នុងខេត្តចំនួន១១ បាន៨០ភាគរយ។ ក្រសួងក៏បានត្រួតពិនិត្យ វាយតម្លៃការគ្រប់គ្រងសំណល់រឹងឧស្សាហកម្ម សំណល់វេជ្ជសាស្ត្រ ពិនិត្យសំណាកដី កម្រិត បំពុលពីលោហៈធ្ងន់ និងប្រភពបំពុលនានា ព្រមទាំងបានដាក់ចេញយុទ្ធនាការសម្អាតតាមដងផ្លូវជាតិ ធ្វើយ៉ាងណានៅបំណាច់ឆ្នាំ២០២៥ កាត់បន្ថយ ប្លាស្ទិករ៉ាយប៉ាយតាមដងផ្លូវជាតិឱ្យបានស្អាត។ ភាពស្អាតក្នុងទឹក, ក្រសួងបរិស្ថាន ក៏បានបើកយុទ្ធនាការ “សម្អាតទន្លេ” និងយុទ្ធនាការ “ផ្ទៃទឹកស្អាត” ព្រមទាំងបានរៀបចំឯកសារទស្សនទានសម្អាតទន្លេ និងស្តារប្លាស្ទិកពីក្នុង បឹងទន្លេសាបឡើងវិញ។
ជាមួយគ្នានេះ ក៏បាននិងកំពុងជំរុញការបំពាក់នូវឧបករណ៍ស្វ័យប្រវត្តិតាមដាន ផ្តល់ទិន្នន័យ និងវិភាគអំពីការគ្រប់គ្រងគុណភាពទឹកសាធារណៈ តាមបណ្តារោងចក្រ សហគ្រាស ទប់ស្កាត់ការបង្ហូរសារធាតុរាវ កខ្វក់ពីប្រភពបំពុលនានា។ លទ្ធផលវិភាគសំណាកទឹកពីប្រភពទឹកសាធារណៈ ទាំងទឹកសាប និងទឹកប្រៃ ឃើញមានគុណភាពល្អទូទាំង ប្រទេស៕