ក្រសួងព័ត៌មាន បានសហការជាមួយ អង្គការយូណេស្កូ (UNESCO) រៀបចំសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» 

  សន្និសីទនេះជាឱកាសផ្តល់នូវវេទិកាសម្រាប់រៀនសូត្រ ពិភាក្សា និងកិច្ចសហការកាន់តែ ទូលំទូលាយរវាងស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមមាន រដ្ឋាភិបាល ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ សមាគម អ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីឈានទៅរកការកែទម្រង់ ប្រព័ន្ធផ្សព្វផ្សាយ និងគាំទ្រដល់វិស័យអភិវឌ្ឍន៍វិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាក្នុងយុគសម័យឌីជីថល។

   សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» បានប្រារព្ធធ្វើនៅព្រឹកទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភូគាត្រា រាជធានីភ្នំពេញ 

ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពី លោក Sardar Umar Alam តំណាងប្រចាំ ប្រទេសអង្គការយូណេស្កូ (UNESCO) និង តំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ។

  សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២នេះ បានធ្វើឡើងពេញ១ថ្ងៃនេះ ក្នុងគោល បំណងបង្កើតជា វេទិកាមួយសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែក បទពិសោធន៍ និងការអនុវត្តល្អៗ ក៏ដូចជាលើកឡើងពីកាលានុវត្តភាព និងបញ្ហាប្រឈមដែលបាននិងកំពុង កើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថលនេះ សំដៅរួមគ្នាស្វែងរកដំណោះស្រាយសបស្រម ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

  សន្និសីទដ៏មានសារៈសំខាន់នេះ ក៏មានការកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ ទី១. ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព ទី២. ការលើកកម្ពស់ និងពង្រឹងគុណភាពសារព័ត៌មាន និងទី៣. និរន្តរភាពប្រព័ន្ធផ្សព្វផ្សាយ និងបរិវិត្តកម្មឌីជី ថល៖ បញ្ហាប្រឈម និងកាលានុវត្តភាពនៃភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។ 

  សន្និសីទខាងលើនេះ មានការអញ្ជើញចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ រាប់បញ្ចូលទាំងមន្ត្រីក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត អង្គការមិនមែនរដ្ឋាភិបាលដែលអនុវត្តការងារ លើប្រព័ន្ធផ្សព្វផ្សាយ សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល គ្រឹះស្ថាន អប់រំ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា និងសិស្ស-និស្សិត សរុបប្រមាណ២០០នាក់ ៕