ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាថ្នាក់ដឹកនាំមួយរូបដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យមានការរីកចម្រើន

  ក្នុងឱកាសដ៏ក្រៀមក្រំ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២១ និង ៤៥នាទីយប់ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

   ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ

លោកជំទាវ កុយ សុក្ខា ព្រមទាំងក្រុមគ្រួសារ ដោយបានគូសបញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ យ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាពគួរអោយសោកស្តាយ និងអាឡោះអាល័យបំផុត ។

   មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក និងជីតាជាទី គោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ សីលធម៌ និងគុណធម៌ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំ បណ្តុះបណ្តាលបញ្ញាស្មារតីដល់កូនៗ និងចៅៗឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។ ជាពិសេស ជាការបាត់ បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា និងពេញមួយជីវិតរបស់ ឯកឧត្តម បានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី និងការ លះបង់ពុះពារគ្រប់ឧបសគ្គ ដើម្បីបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។ យើងខ្ញុំសូមចងចាំនូវគុណូបក្ការៈគុណ ដែល ឯកឧត្តម បានចូលរួមចំណែកក្នុងការ កសាងជាតិមាតុភូមិ និងបានផ្តល់នូវដំបូន្មានល្អៗដល់អ្នកបន្តវេន។

  ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន សូមបាន ចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕