ឯកឧត្តម ជា សុមេធី អបអរសាទរ ជាមួយនិស្សិតជ័យលាភី ជំនាន់ទី៧ ជំនាន់ទី៨ និងជំនាន់ទី៩ ដែលទទួលបានសញ្ញបត្របញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិសង្គមកិច្ច

ក្រោមម្លប់នៃសុខសន្តិភាព យុវជនយើងមានឪកាសច្រើនណាស់ សម្រាប់ការសិក្សារៀនសូត្រស្រូបយកចំនេះដឹងទស្សនៈថ្មីៗ ដើម្បីចូលរួមបន្តលើកស្ទួយគុណភាពវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងពិធិប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតជំនាន់ទី៧ ជំនាន់ទី៨ និងជំនាន់ទី៩ សរុប ១៤៨នាក់ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ដែលមានថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ អង្គការជាតិ-អន្តរជាតិ ដៃគូរសហការ អាណាព្យាបាល និងនិស្សិតជាច្រើននាក់ផងដែរ។

ឯកឧត្តម ឲ្យដឹងទៀតថា ការធ្វើទំនើបកម្ម កម្មវិធីសិក្សាថ្មី ជាការចាំបាច់ ឲ្យសមស្របតាមការអភិវឌ្ឍវិស័យសង្គមកិច្ច និងពហុវិស័យសំខាន់ផ្សេងទៀត ជាពិសេស ផ្នែកវិស្វកម្មឧបករណ៍សិប្បនិម្មិតនិងរណបជាភាសាជាតិ ការថែទាំមនុស្សចាស់ ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងកិច្ចការពារកុមារជាដើម។ ការពង្រឹងវិសាលភាពបណ្តុះបណ្តាល លើកកម្ពស់គុណភាព និងសមត្ថភាពរបស់និស្សិត ធ្វើការផ្សព្វផ្សាយអំពីប្រអប់រំរបស់វិទ្យាស្ថានឲ្យបានទូលំទូលាយ ដើម្បីកំណើនចំនួនសិស្សនិស្សិត និងប្រែក្លាយធនធានទាំងអស់នេះជានាក់សង្គមកិច្ចអាជីព។ ត្រូវរៀបចំឲ្យមានការទទួលស្គាល់គុណវុឌ្ឍជាតិ ពង្រីកសកម្មភាពសិក្សាស្រាវជ្រាវ បញ្ហាសង្គមឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលសិក្សាស្រាវជា្រវ ជួយដល់ការរៀបចំគោលនយោបាយ សម្រាប់ការអភិវឌ្ឍវិស័យសង្គមកិច្ច ស្របតាមវឌ្ឈនភាពគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ធ្វើយ៉ាងណា ជំរុញវគ្គបណ្តុះបណ្តាលគរុកោសល្យ ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលស្គាល់និងផ្តល់ឋានៈដល់លោកគ្រូ អ្នកគ្រូ ស្របតាមកម្រិតជាអ្នកបណ្តុះបណ្តាលនៅឧត្តមសិក្សា ដូចជាគ្រឹះស្ថានសាធារណៈ។ ជាពិសេស ការសិក្សានិងរៀបចំបទដ្ឋានផ្លូវច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមខ្លួនប្រែក្លាយវិទ្យាស្ថានជាតិសង្គមកិច្ច ឲ្យទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីមានលទ្ធភាព ពង្រឹងនិងពង្រីកខ្លួនឲ្យកាន់តែប្រសើរនាពេលអនាគត។ 

ជាថ្មីម្តងទៀត ឯកឧត្តម រដ្ឋមន្ត្រី សូមថ្លែងនូវការកោតសរសើរ ចំពោះការខិតខំ របស់ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិសង្គមកិច្ចទាំងអស់ ហើយក៍សូមចូលរួមអបអរសាទរ ជាមួយនិស្សិតជ័យលាភីទាំងអស់ និងសូមបន្តបណ្តុះបណ្តាលធនធានមនុស្សទាំងអស់គ្នា ព្រោះការរៀនសូត្រដែលក្មួយៗជានិស្សិតទទួលបាន គឺវាជាទ្រព្យសម្បត្តិ សម្រាប់រយៈពេលវែង។ 

ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានឲ្យដឹងថា គណៈគ្រប់គ្រងរបស់វិទ្យាស្ថានជាតិទាំងអស់ បានប្តេជ្ញាចិត្ត នឹងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគ្រប់ភារៈកិច្ច ទទួលខុសត្រូវ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង ឲ្យសម្រេចបានជោគជ័យ ស្របតាមបទបញ្ញាតិនានា ផែនការសកម្មភាព កម្មវិធីការងារយុទ្ធសាស្ត្រ និងការណែនាំតម្រង់ទិស ព្រមទាំប្រកាន់ភ្ជាប់នូវគោលការណ៍៣ គឺ សមធម៌ មិនលម្អៀង និងគុណភាព។ 

សូមបញ្ជាក់ដែលថា វិទ្យាស្ថានជាតិសង្គមកិច្ច គឺជាគ្រឹះស្ថានឧត្ដមសិក្សារបស់រដ្ឋ ត្រូវបានបង្កើតឡើងាកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ កន្លងមក ដែលស្ថិតក្រោមអាណាព្យាបាលរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយមានបេសកកម្មបណ្ដុះបណ្ដាល និងស្រាវជ្រាវលើវិស័យសង្គមកិច្ច។

បច្ចុប្បន្ន វិទ្យាស្ថានជាតិសង្គមកិច្ច បានបណ្តុះបណ្តាលនិស្សិត ៩ជំនាន់ រួចមកហើយ ស្មើនិងនិស្សិតសរុប ៥៥២នាក់ លើមុខជំនាញឯកទេស ៩ជំនាញ រួមមាន 

-បរិញ្ញាបត្រសង្គមកិច្ចវិទ្យា

-បរិញ្ញាបត្រសង្គមវិទ្យា

-បរិញ្ញាបត្រកិច្ចគាំពារសង្គម

-បរិញ្ញាបត្ររដ្ឋបាលសាធារណៈ

-បរិញ្ញាបត្រគ្រប់គ្រងរដ្ឋបាល

-បរិញ្ញាបត្រគោលនយោបាយសង្គម

-បរិញ្ញាបត្រគោលនយោបាយសាធារណៈ

-បរិញ្ញាបត្រភាសាអង់គ្លេស

-បរិញ្ញាបត្រវិស្វកម្មឧបករណ៍សិប្បនិម្មិតនិងរណប។