វេទិកាជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី៣០ (DRR)ក្រោមប្រធានបទ «ការពង្រឹងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងភាពធន់ទៅនឹងអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា»នៅខេត្តសៀមរាប
វេទិកាជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ(DRR)លើកទី៣០ ក្រោមប្រធានបទ «ការពង្រឹងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងភាពធន់ទៅនឹងអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា»កម្មវិធីនេះរៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយ
អង្គការដៃគូអភិវឌ្ឍន៍គាំទ្រដោយUNDP,WFPនិងអង្កការCRSប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ អេមព្រីសអង្គរ (Empress Angkor) ខេត្តសៀមរាប, ដោយមានវត្តមានពីមន្រ្តីជាន់ខ្ពស់ថ្នាក់ជាតិឯកឧត្តម ឃុន សុខា អគ្គលេខាធិការរងនិងជាទីប្រឹក្សានៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
និងឯកឧត្តម អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មន្ត្រីពាក់ព័ន្ធគ្រប់នាយកដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ក្រសួងស្ថាប័នពាក់ព័ន្ធនានានិង អង្គការដៃគូអភិវឌ្ឍន៏រួមទាំង វិស័យឯកជន យុវជនកាកបាទក្រហមកម្ពុជា តំណាងជនជាតិភាគតិច និងសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាបផងដែរ។
រំលេចថារដ្ឋាភិបាលកម្ពុជា កាលរៀបចំវេទិកា កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ(DRR) នេះចំនួន ២៩ លើករួចមកហើយរហូតមកដល់បច្ចុប្បន្ន បានបង្កើនទំនាក់ទំនង និងជំរុញភាពជាដៃគូក្នុងចំណោមអ្នក អនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅទូទាំងប្រទេសក្នុងតំបន់។ ជាក់ស្តែងសិក្ខាសាលារយះពេលពីរចាប់ពីថ្ងៃទី១៩-២០ ខែធ្នូនេះ បានធ្វើ នៃវេទិកាជាតិលើកទី៣០ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងគំនិតផ្តួចផ្តើម។ វេទិកាជាតិបានធ្វើជារៀងរាល់ឆ្នាំដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពវិវត្តនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងបញ្ហាប្រឈមនាពេលបច្ចុប្បន្នដែលកំពុងប្រឈមនៅក្នុងតំបន់ងាយរងគ្រោះ។
ក្នុងកម្មវិធបើកឯកឧត្តម ឃុន សុខា តំណាង ឯកឧត្តម គីម វីរះ អគ្គលេខាធិការ គ.ជ.គ.ម.បានអោយដឹងថា នៅក្នុងវេទិកាជាតិ នេះមានគោលដៅសំខាន់ៗ ចំនួន៣ រួមមាន៖
១). ពង្រឹងកិច្ចសហប្រតិបត្តិការ៖ កសាងទំនាក់ទំនងនិងភាពជាដៃគូដ៏រឹងមាំក្នុងចំណោមភាគីពាក់ ព័ន្ធនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ (DRM) រួមទាំងស្ថាប័នរបស់រដ្ឋាភិបាល វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍។ តាមរយៈការបង្កើតទំនាក់ទំនងទាំងនេះ នឹងបង្កើនកិច្ច ខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយហានិភ័យគ្រោះមហន្តរាយ។
២). យុទ្ធសាស្ត្របច្ចុប្បន្ន៖ វេទិកានេះនឹងបង្ហាញអំពីយុទ្ធសាស្ត្ររួម និងបង្កើតគោលដៅអាទិភាព សម្រាប់ការសម្រេចបាននូវសកម្មភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយរបស់យើងក្នុងរយៈ ពេលប្រាំឆ្នាំខាងមុខ។ ដើម្បីធានាថាភាគីពាក់ព័ន្ធទាំងអស់ត្រូវបានតម្រឹម និងធ្វើការឆ្ពោះទៅ រកគោលបំណងរួម។
៣). ការចែករំលែកធនធាន៖ លើកកម្ពស់ការយល់ដឹងកាន់តែប្រសើរឡើងក្នុងចំណោមដៃគូ ទាក់ទងនឹងធនធាន និងសមត្ថភាព បច្ចេកទេស បទពិសោធន៍របស់ពួកគេ និងការរួមចំណែក ប្រកបដោយប្រសិទ្ធភាពចំពោះគំនិតផ្តួចផ្តើមនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយដើម្បី បង្កើនប្រសិទ្ធភាពជាអតិបរមានៃកិច្ចខិតខំប្រឹងប្រែងរួម។ បង្កើនការយល់ដឹងអំពីវេទិកាជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង ការបន្សំការប្រែប្រួលអាកាសធាតុ។