វិទ្យាស្ថានជាតិសង្គមកិច្ច រៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការសិក្សាស្រាវជ្រាវ ស្តីពី ការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ តាមរយះការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ភស្តុតាងមូលដ្ឋានពីតំបន់ឆ្នេរ នៃប្រទេសកម្ពុជា
ការបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ គឺជាយុទ្ធសាស្រ្តចាំបាច់ សម្រាប់ប្រទេសកម្ពុជា។ ក្នុងនោះការលើកកម្ពស់កិច្ចគាំពារសង្គម និងសុខុមាលភាពសង្គម គឺជាការកសាងភាពធន់ និងសមត្ថភាពបន្ស៊ាំ របស់ប្រជាពលរដ្ឋ ក្នុងការទប់ទល់ទៅនឹង វិបត្តិអាកាសធាតុផងដែរ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងពិធិបើកសិក្ខាផ្សព្វផ្សាយលទ្ធផល នៃការសិក្សាស្រាវជ្រាវ ស្តីពី ការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ តាមរយះការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ភស្តុតាងមូលដ្ឋានពីតំបន់ឆ្នេរ នៃប្រទេសកម្ពុជា។
ឯកឧត្តម បន្តទៀតថា តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជាមួយប្រជាសហគមន៍នៅតាមតំបន់ឆ្នេរ បច្ចុប្បន្នត្រូវបានអនុវត្តក្នុងខេត្តជាប់ឆ្នេរ មានដូចជា ខេត្តកំពត កែប កោះកុង និងខេត្តព្រះសីហនុ។ នេះជាសក្ខីភាពបន្ថែមទៀត អំពីប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម របស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីសាច់ប្រាក់ ដែលជាកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ សម្រាប់ការឧបត្ថម្ភសាច់ប្រាក់ និងគឺជាឧបករណ៍សំខាន់ក្នុងការធានាបាន នូវតម្រូវការជាមូលដ្ឋាន នៃគ្រួសារទាំងនោះ ជាពិសេសក្នុងកំឡុងពេលមានវិបត្តិ។
សមិទ្ធផលទាំងអស់នេះ គឺជាការបង្ហាញឲ្យឃើញពី កិច្ចខិតខំប្រឹងប្រែងរបស់ វិទ្យាស្ថានជាតិសង្គមកិច្ច និងដៃគូសហការ ក៏ដូចជាម្ចាស់ជំនួយ ក្នុងការចងក្រងនូវចំណេះដឹង និងបទពិសោធន៍ដ៏មានសារៈសំខាន់នេះ ដើម្បីបានជាធាតុចួលសម្រាប់អ្នកធ្វើ និងអ្នកអនុវត្តគោលនយោបាយនានា ក្នុងវិស័យសង្គមកិច្ច កិច្ចគាំពារសង្គម និងបម្រែបម្រួលអាកាសធាតុ។ ។
នាយកវិទ្យាស្ថានជាតិសង្គមកិច្ច ឯកឧត្តម សរ បូរីរក្ស បានឲ្យដឹងដែរថា បម្រែបម្រួលអាកាសធាតុ បានក្លាយជាបបញ្ហាប្រឈមនៅមូលដ្ឋាន និងបានប៉ះពាល់ ដល់ប្រព័ន្ធគាំពារសង្គម និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវធ្វើការឆ្លើយតបប្រកបដោយភាពវៃឆ្លាត បរិយាប័ន្ន និងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ដែរថា យុទ្ធសាស្រ្តឧបត្ថម្ភសាច់ប្រាក់តែម្យ៉ាង មិនមែនជាដំណោះស្រាយ ប្រកបដោយនិរន្តរភាពទេ ហើយដំណោះស្រាយ ដែលមានប្រសិទ្ធភាពជាងនេះ គួរតែរួមបញ្ជូលគ្នា នូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងគំនិតផ្តួចផ្តើម អំពីការគ្រប់គ្រងហិរញ្ញាវត្ថុក្នុងគ្រួសារជាដើម។ តាមរយះ ការសិក្សានេះ បានបង្កើតនូវចំណេះដឹង និងបទពិសោធន៍ជាក់លាក់ អំពីហានិភ័យ នៃបម្រែបម្រួលអាកាសធាតុ។