ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការទប់ស្កាត់ និងការប្រឆាំងព័ត៌មានក្លែងក្លាយ វាមិនមែនជាការបំបិទសិទ្ធិសេរីភាពក្នុងការ បញ្ជេញមតិនោះទេ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃ វាមិនមែនជាសេរីភាពសារព័ត៌មាននោះទេ,

ការប្រឆាំងព័ត៌មានក្លែងគឺជាការធានានូវសិទ្ធិទទួលព័ត៌មានត្រឹមត្រូវពិតប្រាកដ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ,
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ក្រោមប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូស បញ្ជាក់ថា ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មានអោយបានរឹងមាំ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយអោយមានប្រសិទ្ធិភាព ។ ទាក់ទងទៅវិធានបទសម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ នេះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សមាគមសារព័ត៌មាននានា និងផ្នែកពាក់ព័ន្ធលើការងារសារព័ត៌មាន បន្តធ្វើការបណ្តុះ បណ្តាលដល់អ្នកសារព័ត៌មាន ដែលមានចំនួនច្រើន បានយល់ដឹងច្បាស់អ្វីទៅដែលហៅថា ក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន អ្វីទៅដែលជាសេរីភាពក្នុងការបញ្ជេញមតិ ដើម្បីអោយអ្នកសារព័ត៌មានរួចផុតពីការប្រឈមចំពោះមុខច្បាប់ ។ តាមរយៈអង្គវេទិកានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានធ្វើការអំពាវនាវដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ កុំធ្វើហួសពីតួនាទីរបស់ខ្លួន ហើយប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។ ដូច្នេះចាប់ពីពេលនេះទៅមុខត្រូវរួមគ្នាកសាងនូវជំនឿទុកចិត្តចំពោះអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវពិតប្រាកដ ដែលជាអ្នកផ្តល់ព័ត៌មាន ជាអ្នកនាំពាក្យពីប្រភពមួយទៅប្រភពមួយ ពីកន្លែងមួយ ទៅកន្លែងមួយប្រកបដោយប្រភពច្បាស់លាស់ ។
តូនាទីរបស់អ្នកសារព័ត៌មានបានចូលរួមផ្សព្វផ្សាយនូវគោលនយោបាយ ច្បាប់ សមិទ្ធិផលផ្សេងៗជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយសារព័ត៌មានបានដើរតូនាទីសំខាន់នៅក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារនូវសន្តិភាព ។
ឯកឧត្តម កឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអាននូវសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានវាយតម្លៃខ្ពស់ចំពោះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២៤ ដែលបានលើកយក ប្រធានបទស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ខណៈដែលការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលករណីនេះ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវ ជំរុញការបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញដល់អ្នកសារព័ត៌មាន និងបង្កើននូវទំនុកចិត្តដល់សាធារណជន។ ទន្ទឹមគ្នានេះ យើងបានកត់សម្គាល់ឃើញថា ការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិហួសព្រំដែនច្បាប់ នៅតែ កើតមាន ដែលបញ្ហានេះបានបង្កនូវផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងជះឥទ្ធិពលអវិជ្ជមានដល់ ប្រជាពលរដ្ឋ។ នៅក្នុងសារលិខិតបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មាន ដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និង មានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ និងអ្នកសារព័ត៌មាន ដែលហ៊ាននិយាយការពិតនិងហ៊ានរិះគន់ក្នុងន័យ ស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវគ្រប់តថភាពសង្គម ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ។ យើងត្រូវការនូវការរួមចំណែក ដើម្បីប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នានិងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជានេះឡើង មានគោលបំណងផ្ដល់នូវឱកាសជួបជុំពិភាក្សាដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក និងអ្នកសារព័ត៌មាន ធ្វើការផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងរៀបចំយន្តការសម្រាប់អនុវត្ត ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីរក្សាសណ្ដាប់ធ្នាប់វិស័យព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា៕