ប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាជិត ៣០លានដុល្លារទៀត ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្សក្រីក្រប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តទៅ រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាប្រមាណ ២៧ លានដុល្លារអាម៉េរិក ដើម្បីបើកផ្តល់ជូនសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិក គ្រួសារក្រីក្រ ដែលមាន បណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ ២, បើតាមការប៉ាន់ស្មានដំបូង មានប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីនេះ និងបូកបញ្ជូលបន្ថែម ក្នុងកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលពលរដ្ឋ មកពីគ្រួសារក្រីក្រ កំពុងបើកប្រាក់ឧបត្ថម្ភប្រចាំខែ, នេះមានន័យថា គ្រួសារក្រីក្រ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែម ទៅតាមចំនួនសមាជិកដែលជាសិស្សានុសិស្ស កំពុងសិក្សានៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានអំពាវនាវដល់អាណាព្យាបាល សូមនាំកូនៗមកចុះឈ្មោះចូលកម្មវិធីនេះឱ្យបានរួសរាន់ ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល។
សូមជម្រាបថា ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត គឺបានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អំឡុងបេសសកម្ម ចុះផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះរបស់សិស្សានុសិស្សគោលដៅចូលកម្មវិធីថ្មីរបស់រាជរដ្ឋាភិបាលនេះ ៕