ពិធីបើកសន្និសីទថ្នាក់ជាតិ ស្តីពី ទំនាក់ទំនងវិជ្ជាជីវៈឆ្នាំ២០២៤ ក្រោមប្រធានបទ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ

ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព សំដៅធ្វើយ៉ាងណាកាត់បន្ថយ ឱ្យបានជាអតិបរមានូវវិវាទការងារ នៅតាមសហគ្រាស គ្រឹះស្ថាន ដោយត្រូវប្តេជ្ញា រួមគ្នាប្រែក្លាយ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី។ នេះជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីបើកសន្និសីទថ្នាក់ជាតិ ស្តីពី ទំនាក់ទំនងវិជ្ជាជីវៈឆ្នាំ២០២៤ ដោយមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នរដ្ឋ, តំណាងអង្គការអន្តរជាតិខាងការងារ. ក្រុមប្រឹក្សាអាជ្ញាកណ្តាល, មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល, សមាគមនិយោជក, សហភាពសហជីព, សហព័ន្ធសហជីព។ 

លោកជំទាវ ឲ្យដឹងទៀតថា ការរៀបចំសន្និសីទនេះ ក្នុងគោលបំណង លើកកម្ពស់កិច្ចសន្ទានាសង្គម និងពង្រឹងយន្តការត្រីភាគី សំដៅធានាឲ្យបាននូវសុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងដើម្បីជំរុញការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ តាមរយះការពង្រឹងយន្តការ ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។ 

លោកជំទាវ បញ្ជាក់ទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឲ្យ រាជរដ្ឋាភិបាល ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤នេះ បានដោះស្រាយវិវាទការងារសរុបចំនួន ១,៤៣៩ករណី ទទួលបានលទ្ធផលសះជា ១,២៣៣ករណី ស្មើនឹង ៨៥.៦៨% ដែលក្នុងនោះវិវាទបុគ្គលចំនួន ១,២៣៩ករណី ទទួលបានលទ្ធផលសះជា ១,០៦២ ករណី ស្មើនឹង ៨៥.៧១% និង វិវាទការងាររួមចំនួន ២០០ករណី ទទួលបានលទ្ធផលសះជា ១៧១ករណី ស្មើនឹង ៨៥.៥០%។

ទន្ទឹមនឹងនេះ លោកជំទាវ ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម សំដៅធានាបានសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថា ជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន។ ក្នុងអង្គសន្និសីទនេះ លោកជំទាវ មានក្តីរំពឹងថា នឹងផ្តល់នូវលទ្ធផលដូចជា កិច្ចសន្ទនាសង្គម និងយន្តការត្រីភាគី ត្រូវបានប្រើប្រាស់ដើម្បី អភិវឌ្ឍសុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ យន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ត្រូវបានបន្តពង្រឹងតាមរយៈការចេញនូវប្រកាស ពាក់ព័ន្ធនឹងការកែសម្រួលនីតិវិធី នៃការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យសហគ្រាសមួយក្លាយជាសហគមន៍ សុខសាន្តមួយជាបន្តបន្ទាប់។