ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ “សាទរកម្ពុជា” ជាព្រឹត្តិការណ៍សាទរដល់សង្គមមួយប្រកបដោយភាពរស់រវើក បង្ហាញវិសេសភាព ភាពប្លែកនៃអត្តសញ្ញាណ និងតម្កើងវឌ្ឍនភាពនៃប្រទេសកម្ពុជា ហើយការរៀបចំជាចរិតមហាជនដែលមានការចូលរួមពីគ្រប់ស្រទាប់ទាំងអស់

   នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដើម្បីត្រៀមលក្ខណៈសម្រាប់ការផ្សព្វផ្សាយ កម្មវិធីសាទរកម្ពុជា នារសៀលថ្ងៃទី៣១ ធ្នូ ជាថ្ងៃឆ្លងឆ្នាំសកល ។ 

   តាមរយៈព្រឹត្តការណ៍ដ៏សំខាន់នេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជម្រុញដល់ក្រុមការងារបច្ចេកទេសថតផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍ BTV និង Best Solution រួមសហការក្នុងការធ្វើយ៉ាងណាថតអោយបាននូវគ្រប់ទិដ្ឋភាពសំខាន់ៗ ប្លែកៗ ពីព្រឹត្តការណ៍សាទរកម្ពុជា ហើយផ្សាយជារួមអោយបានស្អាតច្បាស់ល្អទាំងអស់គ្នា ដើម្បីអោយសាធារណជនទាំងក្នុង និងក្រៅប្រទេសបានទស្សនាទាំងអស់គ្នា ។

   ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល ស.ស.យ.ក.និងជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» បានជម្រាបជូនថា ការត្រៀមរៀបចំ សាទរកម្ពុជា គឺជាគំនិតផ្តួចផ្តើមឡើងដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធសនសហភាពសហព័ន្ធយុវជនកម្ពុជា អស់រយៈពេល ៧ឆ្នាំមកហើយ ទើបសម្រេចរៀបចំឡើងនាចុងឆ្នាំ២០២៤ ខាងមុខនេះ ។

«ព្រឹត្តិការណ៍សាទរកម្ពុជា» នឹងរៀបចំជាលើកដំបូងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នារាត្រីឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឆ្លងចូលឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះនឹងមានក្បួនដង្ហែបែបវប្បធម៌ប្រពៃណី តន្រ្តីប្រជាប្រិយ ក្បួនដង្ហែសាទរកម្ពុជា រួមទាំងកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀត អមជាមួយ ទីងមោង គោមយក្សដ៏ធំ ពោងយក្ស និង ទស្សនីយភាពជាច្រើន។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅបរិវេណសួរច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ «សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះតាមរយៈការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា ហើយជាការបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិយើង ។ ព្រឹត្តការណ៍នេះ ផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកា គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋានផ្សេងៗនៃសង្គម បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងជាពិសេសចំពោះអត្តសញ្ញាណជាតិជារួមដែលជាអ្វីធ្វើឱ្យខ្លួនយើងមានមោទនភាព ក្រោម “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ដោយការរួបរួម សាមគ្គី ឯកភាពទៅជាកម្លាំងជាតិតែមួយ ។ បង្កើនមនោសញ្ចេតនារវាងប្រជាជន និងនៃប្រជាជាតិកម្ពុជា ទោះនៅក្នុងប្រទេស ឬនៅឯនាយសមុទ្រ ក្នុងការអបអរសាទរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ នៅក្រោមទង់ជាតិតែមួយហើយដែលមានអនាគតតែមួយដើម្បីកម្ពុជា ៕