រដ្ឋមន្រ្តីសុខាភិបាល ៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី ”ពេញ” ពេញជាសមត្ថភាពការងារ ពេញម៉ោងការងារ និងពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ
រដ្ឋមន្រ្តីសុខាភិបាល ៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី ”ពេញ” ពេញជាសមត្ថភាពការងារ ពេញម៉ោងការងារ និងពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ
============
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថា យ៉ាងដូច្នេះក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,២៥៣ នាក់ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធានបទ ការបង្កើនសមិទ្ធិផលការងារ (Performance) របស់បុគ្គល ក្រុមការងារក្នុងវិស័យសុខាភិបាល ដោយប្រើប្រាស់ព័ត៌មានត្រឡប់ ដើម្បីឱ្យបុគ្គលអាចកែប្រែ ឬអភិវឌ្ឍន៍ខ្លួនឱ្យទទួលបានលទ្ធផលពេញលេញ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានលើកយកភាពខុសគ្នារវាង Mentoring (ចង្អុលបង្ហាញ) និង Coaching (បង្ហាត់បង្ហាញ)។
នាវេលាបណ្តុះបណ្តាលនេះ ឯកឧត្តមសាស្រ្តាចារ្យ បានឆ្លៀតយកឱកាសមុនដំណាច់ឆ្នាំ២០២៤នេះ ប្រកាសទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលទាំងអស់ ជាពិសេសក្នុងឆ្នាំ២០២៤ ដោយបានបង្ហាញនូវការឯកភាពក្នុងវិស័យ និងការចុះសម្រុងគ្នាក្នុងការខិតខំកែរលំអសេវាសុខាភិបាល ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាជនក៍ដូចជាការលើកកម្ពស់តម្លៃរបស់វិជ្ជាជីវៈសុខាភិបាល។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះក៍មានបទបង្ហាញពីការធ្វើ PDIA សម្រាប់ការដោះស្រាយភាពមិនពេញចិត្តរបស់អតិថិជនលើការរងចាំទទួលសេវានៅមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់៕