សន្លឹកកិច្ចការបេក្ខជន នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និង មន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមកំណែនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការច្បាប់នៃនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានកំណត់ថា បន្ទាប់ពីការប្រឡងចប់បានមួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យដោយផ្ទាល់ទៅលើដំណើរការ និងនីតិវិធីកែសន្លឹកកិច្ចការនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និង មន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប។ 

សូមជម្រាបថា កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៧:៣០ព្រឹក ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ អ្នកសង្កេតការណ៍មហាជនដែលបានចុះឈ្មោះ សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកសារព័ត៌មានមកពីស្ថាប័នអង្គភាពជាច្រើនផ្សេងទៀត ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕