ឯកឧត្តម យក់ ប៊ុនណា បានអញ្ជើញជាអធិបតីបើកសិក្ខាសា លាស្តីពី «ការពិគ្រោះយោបល់ ប្រមូលធាតុចូលសម្រាប់ការធ្វើបច្ចុប្បន្នភាពកម្មវីធីសិក្សារបស់សាលាភូមិន្ទរដ្ឋបាល»

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកសិក្ខា សាលាស្តីពី «ការពិគ្រោះយោបល់ ប្រមូលធាតុចូលសម្រាប់ការធ្វើបច្ចុប្បន្នភាពកម្មវីធីសិក្សារបស់សាលាភូមិន្ទរដ្ឋបាល» នៅសហសាល សាលាភូមិន្ទរដ្ឋបាល។ 

ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍ថា សិក្ខាសាលានេះ មានអ្នកចូលរួមសរុបចំនួន ៨០នាក់ ជាតំណាង និងមន្ត្រីបច្ចេកទេសនៃក្រសួងស្ថាប័នថ្នាក់ជាតិពាក់ព័ន្ធ ចំនួន ២០ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ៤។ គោលបំណង នៃការរៀបចំសិក្ខាសាលាស្តីពី «ការពិគ្រោះយោបល់ ប្រមូលធាតុចូលសម្រាប់ការធ្វើបច្ចុប្បន្នភាពកម្មវីធីសិក្សារបស់សាលាភូមិ

ន្ទរដ្ឋបាល» នាថ្ងៃនេះ គឺដើម្បីប្រមូលព័ត៌មាន ឱ្យបានគ្រប់ ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ ដើម្បីជាធាតុចូលក្នុងការកែលម្អកម្មវិធីសិក្សារបស់សាលាភូមិន្ទរដ្ឋបាល សម្រាប់ការបណ្តុះ បណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសាធារណៈ ឱ្យស្របតាមការតម្រង់ទិសនៃយុទ្ធសាស្ត្របញ្ច កោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍បញ្ជាក់ថា ការបណ្តុះបណ្តាលរបស់សិស្សមន្ត្រីជាន់ខ្ពស់ និងការបណ្តុះបណ្តាលសិស្សមន្ត្រីក្រមការ គឺជាកម្មវិធីរយៈពេលវែង ដែល មានរយៈពេល ២ឆ្នាំ ឬ២៤ខែសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ និងរយៈពេល ១ឆ្នាំ ឬ១២ខែ សម្រាប់សិស្សមន្ត្រីក្រមការ។ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ នឹងត្រូវបញ្ជូនទៅបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  ដែលសិស្សមន្ត្រីបានជ្រើសរើសជាមុន ចាប់តាំងពីពេលដាក់ពាក្យចូលរួមការប្រឡង។ សិស្សមន្ត្រីជាន់ខ្ពស់ នឹងត្រូវទៅបំពេញការងារនៅរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ ចំណែកសិស្សមន្ត្រីក្រមការ នឹងទៅបំពេញការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន ១៨០ ដែលបានបញ្ជាក់អំពីតម្រូវការមន្ត្រីជាមុន។

នៅក្នុងឱកាសនេះ ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញធ្វើបទបង្ហាញ អំពីគោលគំនិត និងមូល ហេតុ នៃការធ្វើបច្ចុប្បន្នភាព កម្មវិធីសិក្សារបស់សិស្សមន្ត្រី ។

បន្ទាប់មក អង្គសិក្ខាសាលាក៏មានកិច្ចពិភាក្សាតាមក្រុម ដែលត្រូវបានសម្របសម្រួលដោយ ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល។ 

នៅចុងក្រោយ អង្គសិក្ខាសាលា ក៏មានរៀបចំរបាយការណ៍បូកសរុបនៃកិច្ចពិភាក្សារបស់អង្គសិក្ខាសាលាទាំងមូល ដើម្បីជាមូលដ្ឋានសម្រាប់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ជាបន្តបន្ទាប់៕