ក្រោយរដ្ឋាភិបាលលោក Bashar Assad ដួលរលំស្រាប់តែគេប្រទះឃើញយន្តហោះ រុស្ស៊ីដែលផ្ទុករថយន្តដឹកទំនិញ និងឧបករណ៍យោធាព្យាយាមចាកចេញពីប្រទេសស៊ីរីជាបន្តបន្ទាប់ដែរ

យន្តហោះរុស្ស៊ីដែលផ្ទុកទៅដោយរថយន្តដឹកទំនិញ និងឧបករណ៍នានាត្រូវបានគេប្រទះឃើញនៅបរិវេណអាកាសយានដ្ឋាន Qamishli ក្នុងទីក្រុង Hasaka ដែលវាមើលទៅហាក់ដូចជាសកម្មភាពដកកងកម្លាំងចេញពីភាគឦសាននៃប្រទេសស៊ីរីដូច្នោះដែរ។

បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក Bashar Assad មានកងកម្លាំងរុស្ស៊ី និងរថយន្តយោធាជាច្រើនត្រូវបានគេមើលឃើញថាបានចាកចេញពីប្រទេសស៊ីរីនៅក្នុងទីក្រុងឆ្នេរសមុទ្រ Latakia ជាបន្តបន្ទាប់។ ចំណែកក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍កាលពីសប្តាហ៍មុនថាកងកម្លាំងរុស្ស៊ីកំពុងចាកចេញពីមូលដ្ឋានទ័ពនៅ Ain Issa និង Tel Al-Samn ក្បែរទីក្រុង Raqqa ភាគខាងជើង។ បើយោងតាមរូបភាពផ្កាយរណបដែលចេញផ្សាយដោយ Maxar Technologies បានបង្ហាញនូវអ្វីដែលមើលទៅដូចជាយន្តហោះដឹកសម្ភារៈបិរក្ខាផងនៅឯអាកាសយានដ្ឋានយោធារុស្ស៊ីក្នុងប្រទេសស៊ីរី ជាមួយនឹងបង្កោងច្រមុះរបស់ពួកគេដែលបានបើកដើម្បីទទួលបានឧបករណ៍ធុនធ្ងន់ រួមជាមួយនឹងឧទ្ធម្ភាគចក្រកំពុងត្រូវបានរុះរើ និងរៀបចំសម្រាប់ការងារដឹកជញ្ជូនដែរ។ ទីក្រុងមូស្គូជាទូទៅតែងតែយិតយោងអាជ្ញាធរស៊ីរី ដើម្បីព្យាយាមធានាសន្តិសុខនៃមូលដ្ឋានរបស់ខ្លួន។ ប៉ុន្តែក្រោយពីលោក Assad ត្រូវបានក្រុមឧទ្ទាមផ្ដួលរំលំដោយសកម្មភាពបះបោរយ៉ាងសង្រ្គប់កាលពីជាង ២សប្តាហ៍មុន និងបន្ទាប់ពីការវាយលុកយ៉ាងរហ័សដែលបានរង្គោះរង្គើសម្ព័ន្ធភាពរបស់ប្រទេសនេះ បាននាំឱ្យបិតទំនាក់ទំនងជាមួយប្រទេសនេះដែលជាប់គាំងដោយសង្គ្រាមស៊ីវិលជាយូរឆ្នាំមកហើយ៕

សម្រួលអត្ថបទ៖​សុផារិន្ទ