រដ្ឋមន្ត្រីសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមុតស្រួចបន្ថែមទៀត ក្នុងការរៀបចំជាផែនការ គោលគំនិតទាំងបច្ចេកទេស និងក្របខណ្ឌនយោបាយ ដើម្បីបានជាអត្ថប្រយោជន៍ដល់វិស័យខ្លូន និងប្រទេសជាតិ។
រាជធានីភ្នំពេញ៖ ថ្លែងបន្ថែមទៀតនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា
ឯកឧត្តមបានគូសរំលឹកអំពីតួនាទីភារកិច្ចនៅក្នុងឱកាសដើមឆ្នាំថ្មីនេះរបស់ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងនាយកដ្ឋានជំនាញ រហូតដល់មន្ទីរសុខាភិបាល ដែលជាអ្នកសំខាន់ជួយដល់ស្ថាប័ន ក្នុងជំនាញរៀងៗខ្លួន និងត្រូវមានជំហររឹងមាំ ប្រកបដោយប្រសិទ្ធភាព ក្រមសីលធម៌ ថាមពល និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំត្រូវផ្តោតការងារសំខាន់ៗ ឆ្នាំ២០២៥ ដូចខាងក្រោម៖
– ត្រូវផ្តោតទៅលើការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥
– កាត់បន្ថយអត្រាឈឺ និងមរណភាពជំងឺរបេង ឱ្យបានច្រើនបំផុត នៅឆ្នាំ២០៣០
– ត្រូវសម្រេចឱ្យបានគោលដៅជំងឺអេដស៍ ៩៥ ៩៥ ៩៥ នាឆ្នាំ២០២៥
– ទប់ស្តាត់ជំងឺគ្រុនឈាម ដោយសូមបង្កើនការប្រុងប្រយ័ត្ននៅឆ្នាំ២០២៥ ជាបន្តទៀត សម្រាប់ការព្យាករណ៍ ដែលអាចនឹងមានការផ្ទុះឡើងក្នុងឆ្នាំបន្ទាប់នេះ
– បន្តកាត់បន្ថយអត្រាមរណភាពមាតា និងទារក
– ខិតខំដើរឆ្ពោះទៅមុខ នូវសុខាភិបាលឌីជីថល
– កាត់បន្ថយជារឿយៗ ក្នុងសហគមន៍ និងហានីភ័យដូចការពុលផ្សេងៗ
– អំពីសុខភាពបឋម ត្រូវឱ្យកាន់តែមុតស្រួចបន្ថែមទៀត
– ជំរុញ និងបង្កើនសារអប់រំសុខភាពឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ
– ពិនិត្យគោលដៅសំខាន់ៗបំផុត ដូចគ្រោះថ្នាក់មិនសមហេតុផល ដែលអាចជួយសង្គ្រោះបាន ជាពិសេសក្នុងមន្ទីរពេទ្យ ដោយត្រូវអនុវត្ត ពេញ៣ «ពេញម៉ោងការងារ ពេញសមត្ថមភាព និងពេញការទទួលខុសត្រូវ»។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍យ៉ាងដូច្នេះក្នុងពេលឯកឧត្តមដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមករា ដើម្បីលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលតាមបណ្តាខេត្ត កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំក្នុងការបំពេញការងាកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរ ទាំងគុណភាពបម្រើសេវា ការដោះស្រាយ ការពង្រឹងសមត្ថភាពមន្រ្តី ធនធានមនុស្ស និងការអភិវឌ្ឍដល់អង្គភាព ដែលមានផែនការច្បាស់លាស់។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមុតស្រួចបន្ថែមទៀត ដោយថ្នាក់ដឹកនាំ ត្រូវដើរតួនាទីយ៉ាងសកម្ម ក្នុងការរៀបចំជាផែនការ គោលគំនិតទាំងបច្ចេកទេស និងក្របខណ្ឌនយោបាយ ដើម្បីបានជាអត្ថប្រយោជនដល់វិស័យ និងប្រទេសជាតិ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទំាងអស់ ត្រូវខិតខំអនុវត្តបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តរបស់
ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដែលបានដាក់ចេញ៕