ដើម្បីពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកឱ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីឱ្យមានការពេញចិត្តខ្ពស់ដល់ភ្ញៀវទេសចរដែលធ្វើដំណើរតាមអូប័រទៅកាន់គោលដៅទេសចរណ៍ ទៅកាន់បណ្តាកោះនានា អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន G.T.V.C Speedboat Cambodia បានរៀបចំវគ្គបណ្តុះបណ្តាលចំនួនពីរថ្ងៃ ស្តីពី «ការផ្តល់សេវាបដិសណ្ឋារកិច្ចល្អ» ជូនដល់បុគ្គលិកបម្រើការងារផ្នែកអូប័រចំនួន ៦១នាក់ ក្នុងចំណោមបុគ្គលិកអូប័រសរុបប្រមាណ ១២០នាក់របស់ក្រុមហ៊ុន។
វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងកាលពីថ្ងៃទី៦ និងទី៧ ខែមករា ឆ្នាំ២០២៥ នៅក្នុងបរិវេណកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ បង្រៀនដោយគ្រូបណ្តុះបណ្តាលដែលមានជំនាញ និងបទពិសោធយូរឆ្នាំក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ មេរៀនសំខាន់ៗចំនួនពីរផ្នែកធំៗត្រូវបានបញ្ជ្រៀបក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន ផ្នែកជំនាញទន់ និងផ្នែកបដិសណ្ឋារកិច្ចល្អ។
បើតាមគោលបំណងរបស់ អ្នកឧកញ៉ា ក្រុមហ៊ុនអូប័រល្បឿនលឿនមួយនេះមានផែនការក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់ខ្លួន ដោយមិនត្រឹមតែចេះលើការបើកបរអូប័រប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលិកគ្រប់រូបត្រូវចេះផ្តល់សេវាកម្មល្អជូនភ្ញៀវទេសចរ ចេះរួសរាយរាក់ទាក់ជាមួយភ្ញៀវ ត្រូវផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយអំពីម៉ោងពេលនិងគោលដៅនៃការធ្វើដំណើររបស់ភ្ញៀវ រួមនឹងការចេះនូវជំនាញទន់មួយចំនួនទៀតដើម្បីពង្រឹងគុណភាពលើសេវាដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអូប័ររបស់អ្នកឧកញ៉ា ទៀ វិចិត្រ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលបំពាក់នូវម៉ាស៊ីនអូប័រមានល្បឿនលឿន មានលក្ខណៈទំនើប និងមានសុវត្ថិភាពខ្ពស់។ គេក៏ដឹងទៀតដែរថា ក្រៅពីការផ្តល់សេវាកម្មអូប័រល្បឿនលឿន អ្នកឧកញ៉ា ទៀ វិចិត្រ មានក្រុមការងារជួយសង្រ្កោះទាំងប្រជាពលរដ្ឋ និងទាំងភ្ញៀវទេសចរក្នុងលម្ហសមុទ្រកម្ពុជាតាមរយៈអូប័រជួយសង្រ្គោះ(អូប័រ ពេទ្យ) និងឡានពេទ្យផ្ទាល់ខ្លួនដើម្បីដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យផងដែរ។
ក្រុមហ៊ុន G.T.V.C Speedboat Cambodia មានអូប័រល្បឿនលឿនសរុប ចំនួន ២១អូប័រ ដែលកំពុងតែដំណើរការដឹកជញ្ជូនអ្នកដំណើរ និងទេសចរ ចំនួន៤ជើងក្នុងមួយថ្ងៃ ទៅកាន់គោលដៅតាមបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុនក៏មានផែនការក្នុងការដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកនេះទៅកាន់គោលដៅមួយចំនួនបន្ថែមទៀតទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម ផងដែរ៕