អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើនជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤និង លើកទិសដៅការងារឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល
នៅខេត្តកណ្តាលថ្ងៃទី ៩ ខែ មករា គ.ស ២០២៥ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល
បានអញ្ជើនជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤និង លើកទិសដៅការងារឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល
មានប្រសាសន៍បិទសន្និបាតអគ្គបណ្ឌិតអួនព័ន្ធមុនីរ័ត្នមានប្រសាសន៍ថាការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ របស់ព្រះរាជាណាចក្រកម្ពុជា ដូចបច្ចុប្បន្ន អាចសម្រេចបាន ដោយសារយើងមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្ន ជាប្រធានព្រឹទ្ធ- សភា, បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ, ដែលមកទល់ពេលនេះ មានរយៈពេលជាង ២៦ ឆ្នាំហើយ ។ នយោបាយ ឈ្នះ-ឈ្នះ បាននាំឲ្យប្រទេស និង ប្រជាជនយើង ចាកផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍ ព្រមទាំងទទួលបានយ៉ាងពេញលេញ នូវសុខសន្ដិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល ។
ឈរលើមូលដ្ឋានដ៏រឹងមាំនេះ, រាជរដ្ឋាភិបាល, នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការ-ដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រចម្បងពីរ គឺ៖ ទី១.ថែរក្សា និង ថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន, និង ពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម; និង ទី២.កសាង និង ពង្រឹង មូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍជាតិ ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។
២០២៥ ជាឆ្នាំទី ២ នៃការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ការគ្រប់គ្រង, ការដឹកនាំ និង ការអភិវឌ្ឍប្រទេស ប្រកបដោយទស្សនវិស័យវែងឆ្ងាយ សំដៅនាំមកជូនជាតិ នូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ, កាន់តែខ្លាំងក្លា និង រហ័ស, ជាបន្តទៀត ប្រកបដោយភាពធន់, សមធម៌ និង និរន្តរភាព ។ ក្នុងនោះ, ស្នូលនៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ផ្តោតសំខាន់លើការកែទម្រង់, ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ដោយចីរ-ភាពលើគ្រប់វិស័យ ។ ផ្អែកលើគោលដៅជាយុទ្ធសាស្ត្រ និង ទិសដៅការងាររបស់រដ្ឋបាលខេត្តកណ្តាល និង ដើម្បីបន្តថែរក្សា, ពង្រឹង និង ពង្រីកនូវសមិទ្ធផលសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត នៅក្នុងឆ្នាំ ២០២៥ នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានផ្តល់នូវការណែនាំ លើកិច្ចការ សំខាន់មួយចំនួន ដែលថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត, មន្ទីរ, អង្គភាពពាក់ព័ន្ធ, អាជ្ញាធរ និង កង-កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និង ខិតខំរួមគ្នាអនុវត្ត ឱ្យសម្រេចបានលទ្ធផលល្អ ក្នុងឆ្នាំ ២០២៥ នេះ ដូចខាងក្រោម៖
ក. ការពង្រឹងសន្តិភាព និង ស្ថិរភាពនយោបាយ
ក្នុងផ្នែកនេះ, រដ្ឋបាលខេត្ត, គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារ ចំនួន ៦ ចំណុច រួមមាន៖
១ត្រូវខិតខំរួមគ្នាបន្តពង្រឹង និង ថែរក្សាការពារ នូវសន្តិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ឱ្យបានគត់មត់ជាប់ជាប្រចាំ, ជាពិសេស ត្រូវរួមគ្នាទប់ស្កាត់ និង ប្រឆាំងដាច់ខាត ចំពោះរាល់សកម្មភាពពីខាងក្រៅ ដែលប៉ុនប៉ងជ្រៀត-ជ្រែក ចូលកិច្ចការផ្ទៃក្នុង ដែលអាចបង្កនូវអស្ថិរភាពក្នុងសង្គម ក្នុងចេតនាបំផ្លាញសន្តិភាព, ស្ថិរភាពសង្គម និង បង្អាក់ដំណើរការនៃការរីកចម្រើនលូតលាស់របស់ជាតិ ។
២–ត្រូវបង្ការទប់ស្កាត់ និង បង្ក្រាបឱ្យខានតែបាន នូវរាល់សកម្មភាព ឬ ទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម, ភាពចលាចល ឬ ភាពវឹកវរ ក្នុងសង្គម ដែលរៀបចំដោយក្រុមប្រឆាំងខុសច្បាប់មួយចំនួនតូច តាមគ្រប់មធ្យោបាយ និង គ្រប់ រូបភាព, ជាពិសេស តាមរយៈបណ្តាញសង្គម និង ចលនាផ្ទៃក្នុងប្រទេស ។ រដ្ឋបាលខេត្ត និង កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន, ស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេល នូវរាល់ទង្វើមិនស្របច្បាប់, ចលនាឧទ្ទាម និង បដិវត្តពណ៌ តាម គ្រប់រូបភាព
នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
៣–ត្រូវខិតខំស្រាវជ្រាវ និង បង្ការទប់ស្កាត់ ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធ-ភាព នូវរាល់សកម្មភាព ឬ ការផ្សព្វផ្សាយព័ត៌មានមិនពិត, ការញុះញង់អុចអាល បង្កឱ្យមានអំពើហិង្សា, ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និង អសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ ធ្ងន់ធរ ដល់សង្គមជាតិលើគ្រប់ទិដ្ឋភាព, ទាំងសេដ្ឋកិច្ច, សង្គម, ទេសចរណ៍, ការវិនិយោគ និង ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
៤ត្រូវអប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមវេទិកាសាធារណៈ ឬ មធ្យោបាយផ្សេងទៀត ឱ្យចៀសវាងពីសកម្មភាពទាំងឡាយណាដែលខុសច្បាប់ និង ប៉ះពាល់ដល់សុខ-សន្តិភាព, ស្ថិរភាព, សណ្តាប់ធ្នាប់សាធារណៈ ។ល។
៥ត្រូវពង្រឹងតួនាទី និង ភារកិច្ចរបស់អ្នកនាំពាក្យនៃរដ្ឋបាលខេត្ត និង ក្រុង-ស្រុក នៅក្នុងការបកស្រាយបំភ្លឺជូនសាធារណជន ពាក់ព័ន្ធបញ្ហាដែលបានកើតឡើង ឬ ការលើក-ឡើង ឬ ការផ្សាយព័ត៌មានមិនពិត នៅតាមបណ្តាញសារព័ត៌មាន និង បណ្តាញសង្គមនានា ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការគ្រប់គ្រង និង ការដឹកនាំរបស់រដ្ឋបាល ខេត្ត និង ក្រុង-ស្រុក ក៏ដូចជា រាជរដ្ឋាភិបាលទាំងមូល ផងដែរ ។ និង
៦ត្រូវបន្តជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការការពារ និង ការ- លើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាមួយនឹងការពង្រឹងនីតិរដ្ឋ និង ការគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់យុត្តិធម៌ និង សីលធម៌សង្គម ។
ខ. ការថែរក្សាសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម
ក្នុងផ្នែកនេះ, រដ្ឋបាលខេត្ត, គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារ ចំនួន ៤ ចំណុច រួមមាន៖
១–ត្រូវពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និង មានការចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធ ។ ទន្ទឹមនេះ, ត្រូវបន្តជំរុញលើកទឹកចិត្ត និង បង្កើនការអប់រំ, ណែនាំ និង ផ្សព្វ- ផ្សាយ ជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យកាន់តែមានការយល់ដឹងបន្ថែមទៀត អំពីសារៈ- សំខាន់នៃការចូលរួមអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីរួមគ្នាបង្ការ, ទប់ស្កាត់ និង បង្រ្កាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋានរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ និង បង្កើនស្មារតីចូលរួមរបស់ប្រជាពលរដ្ឋ ឲ្យក្លាយជាចលនាជាតិមួយ, ដែលក្នុងនោះ, អាជ្ញាធរ និង កងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើជាបង្អែកដ៏រឹងមាំ និង ជាគំរូល្អ ក្នុងការគោរព និង ការអនុវត្តតាមគោលនយោបាយដ៏មានសារៈសំខាន់នេះ ។
២–ត្រូវពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ក្រុង-ស្រុក នៅក្នុងការគ្រប់គ្រង និង ការថែរក្សាសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដោយត្រូវរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និង វាយតម្លៃសភាពការណ៍ និង ធ្វើការដកពិសោធន៍ការងារជំនាញ ឱ្យបានទៀងទាត់ ព្រមទាំងរៀបចំដាក់ចេញនូវផែនការសកម្មភាព និង វិធានការ ឱ្យបានច្បាស់លាស់ ។ ទន្ទឹមនេះ, ត្រូវបង្ការ, ទប់ស្កាត់ និង បង្ក្រាបបទលើ្មសនានា ដូចជា៖ អំពើលួច, ឆក់, ប្លន់, ឧក្រិដ្ឋកម្ម, សកម្មភាពក្មេងទំនើង, ការនេសាទខុសច្បាប់, ការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់, ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ។ល។ ចំពោះបញ្ហា ឬ បទ-ល្មើស ដែលកើតមាននៅតាមមូលដ្ឋាន, រដ្ឋបាលឃុំ-សង្កាត់ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍ និង រួសរាន់ដោះស្រាយឱ្យបានរហ័ស និង ចៀសវាងការបណ្តែតបណ្តោយ ឱ្យបញ្ហារីករាលដាលកាន់តែស្មុគស្មាញ ដោយមិនបានយក-ចិត្តទុកដាក់ ។
៣–ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្ម នៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និង ត្រូវបំផុសចលនាប្រជាជន ឱ្យចូលរួមកសាង ភូមិ និង ឃុំ-សង្កាត់គំរូ គ្មានគ្រឿងញៀន ។ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងប្រតិបត្តិការរបស់ខ្លួន ក្នុងការស្រាវជ្រាវ, ការបង្ការ, ការទប់ស្កាត់ និង ការបង្រ្កាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ឱ្យបានទាន់ពេល, ជាពិសេស នៅតាមទីតាំងកំសាន្តសប្បាយនានា និង មុខសញ្ញាដែលមានការសង្ស័យ ។ ទន្ទឹមនេះ, ថ្នាក់ដឹកនាំ, មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ ថ្នាក់ ត្រូវតែស្អាតស្អំ ដោយមិនត្រូវជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនជាដាច់ខាត ។ ជាមួយគ្នានេះ, ត្រូវខិតខំបង្កើន និង ជំរុញការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដើម្បីអប់រំណែនាំដល់ប្រជា-ពលរដ្ឋ, ជាពិសេស ក្នុងស្រទាប់យុវជន ឱ្យចៀសឆ្ងាយពីគ្រឿងញៀន ។ និង
៤–ត្រូវបន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ និង សុវត្ថិភាពសាធារណៈ ដោយផ្តល់ អាទិភាពលើការផ្សព្វផ្សាយអប់រំ និង ការណែនាំផ្ទាល់នៅហ្នឹងកន្លែង ឱ្យប្រជាពលរដ្ឋបានយល់ដឹង និង ចូលរួមសហការគោរពច្បាប់ទាំងអស់គ្នា ព្រមទាំងយកចិត្តទុកដាក់រឹតបន្តឹងការអនវុត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលក្នុងនោះ មន្ត្រីរាជការ និង កងកម្លាំងមានសមត្ថកិច្ច ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការពង្រឹងវិន័យ, ក្រមសីលធម៌វិជ្ជាជីវៈ និងវិធានការអនុវត្តការងាររបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ។
គ. ការគ្រប់គ្រងរដ្ឋបាលដែនដី
ក្នុងផ្នែកនេះ, រដ្ឋបាលខេត្ត, គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារ ចំនួន ៣ ចំណុច រួមមាន៖
១–ការគ្រប់គ្រងរដ្ឋបាលដែនដីនៅកម្ពុជា ត្រូវបានអនុវត្តតាមគោលនយោបាយ វិមជ្ឈការ និង វិសហមជ្ឈការ ចាប់តាំងពីឆ្នាំ ២០០២ មក ហើយរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំឡើងវិញ និង ត្រូវបានពង្រឹងជាបន្តបន្ទាប់ ដោយផ្អែកតាមច្បាប់ និង ការវិវត្តន៍រីកចម្រើនរបស់ប្រទេស ។ ហេតុនេះ, សូមបន្តផ្តោតការយកចិត្តទុកដាក់ លើការអនុវត្តគោលនយោបាយកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការដែលជាការកែទម្រង់មួយដ៏មានសារៈសំខាន់ និង មានការពាក់ព័ន្ធដោយផ្ទាល់ ដល់ការពង្រឹងរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោល-ការណ៍អភិបាលកិច្ចល្អ និង ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ទន្ទឹមគ្នានឹងការកែទម្រង់នានារបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា និង ជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងនោះ រួមមាន ៖ ការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់ច្បាប់ និង ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្របតាមទិសស្លោក «កែទម្រង់រស់, មិនកែទម្រង់ស្លាប់» ។
២–ត្រូវពង្រឹងការគ្រប់គ្រង, ការដឹកនាំ, ការចាត់ចែងការអនុវត្តមុខងារ និង ការប្រើ-ប្រាស់ធនធានរបស់ខ្លួន និង ធនធានដែលត្រូវបានផ្ទេរពីថ្នាក់ជាតិ ឱ្យមានប្រសិទ្ធភាពខ្ពស់, ជាពិសេស មុខងារវិស័យសុខាភិបាលនៅថ្នាក់ខេត្ត និង មុខងារអប់រំនៅថ្នាក់ក្រុង-ស្រុក ដែលស្ថិតនៅក្នុងវិធានការគន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាល ព្រមទាំងមុខងារផ្តល់សេវារដ្ឋបាល នានា តាមយន្តការច្រកចេញចូលតែមួយ ដើម្បីធានាថា ការផ្តល់សេវាទាំងនោះ ជូនប្រជា-ពលរដ្ឋ និង ធុរជន ដំណើរការបានឆាប់ និង ទាន់ពេលកំណត់ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និង បរិយាបន្ន ។ ជាមួយគ្នានេះ, រដ្ឋបាលខេត្តត្រូវខិតខំសម្របសម្រួល និង បង្កលក្ខណៈងាយស្រួល ដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន, ជាពិសេស ផ្តល់ភាពអនុគ្រោះសម្រាប់ការវិនិយោគ តាមរយៈការអនុវត្តនូវសិទ្ធិអំណាច ក្នុងការសម្រេចអនុញ្ញាតលើគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលមានទុនវិនិយោគ ត្រឹម ៥ លានដុល្លារអាម៉េរិកចុះក្រោម ស្របតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និង គោលការណ៍ណែនាំនានា ដើម្បីទាក់ទាញ និង បង្កើនការវិនិយោគបន្ថែមទៀត, ទាំងការវិនិយោគក្នុងស្រុក និង ការវិនិយោគពីក្រៅប្រទេស ។ និង
៣–រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់គិតគូរ និង ផ្តល់ការគាំទ្រចាំបាច់នានា ដល់ការអនុវត្តការងាររបស់រដ្ឋបាលក្រុង-ស្រុក និង រដ្ឋបាលឃុំ-សង្កាត់ ដោយត្រូវរៀបចំយន្តការតាមដាន, វាយតម្លៃ និង គាំទ្រដល់ការបំពេញការងាររបស់រដ្ឋបាលក្រុង-ស្រុក និង រដ្ឋបាល ឃុំ-សង្កាត់ ។ ប្រសិនបើពិនិត្យឃើញថា មានចំណុចខ្វះខាត, រដ្ឋបាលខេត្តត្រូវផ្តល់ការណែនាំ, ការតម្រង់ទិស និង ការគាំទ្រចាំបាច់នានា ដល់រដ្ឋបាលក្រុង-ស្រុក និង រដ្ឋបាលឃុំ-សង្កាត់ ដើម្បីឱ្យរដ្ឋបាលទាំងនោះ អាចអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួនដែលត្រូវបានប្រគល់ជូនដោយច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធ-ភាពខ្ពស់ ។ ម៉្យាងទៀត, រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ គឺជារដ្ឋបាលមូលដ្ឋានដែលនៅកៀក ឬ នៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលមានលទ្ធភាពក្នុងការផ្តល់សេវា និង ការ-ដោះស្រាយបញ្ហាមួយចំនួននៅមូលដ្ឋាន បានរហ័សជាងថ្នាក់ជាតិ និង ថ្នាក់ខេត្ត, ឆ្លើយតបបានទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយ ប្រសិទ្ធភាព, គណនេយ្យភាព, បរិយាបន្ន និង សមធម៌សង្គម ។ ជាគោលការណ៍ និង ជាឧត្តមានុវត្តអន្តរជាតិ, ថ្នាក់ជាតិតែងតែផ្ទេរមុខងារ, ទាំងមុខងារតាមប្រព័ន្ធវិមជ្ឈការ (ការ-ប្រគល់) និង មុខងារតាមប្រព័ន្ធវិសហមជ្ឈការ (ការធ្វើប្រតិភូកម្ម) កាន់តែច្រើនឡើងៗ ជូនទៅរដ្ឋបាលមូលដ្ឋាន ដើម្បីបង្ខិតសេវា និង ការអភិវឌ្ឍ ឱ្យកៀកជិតនឹងប្រជាជន ។
ឃ. ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ក្នុងផ្នែកនេះ, រដ្ឋបាលខេត្ត, គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារ ចំនួន ៣ ចំណុច រួមមាន៖
១–ការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ គឺជាគោលបំណង និង ជាទិសដៅការងារដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាល ។ ក្នុងន័យនេះ, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, ក្រុង-ស្រុក និង មន្ត្រីរាជការទាំងអស់ ត្រូវខិតខំផ្តោត- ការយកចិត្តទុកដាក់ខ្ពស់ លើការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ឲ្យបានរហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ត្រូវពង្រឹងការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញ-ចូលតែមួយរបស់ខេត្ត និង ផ្តល់ការគាំទ្រដល់ការិយាល័យច្រកចេញ-ចូលតែមួយរបស់ក្រុង-ស្រុក និង យន្តការច្រកចេញ-ចូលតែមួយរបស់ឃុំ-សង្កាត់ ។ ខ្ញុំដឹងថា រដ្ឋបាលខេត្តមានបទពិសោធច្រើន និង បានអនុវត្តការងារនេះជាច្រើនឆ្នាំមកហើយ ។ ដូច្នេះ, សូមបន្តផ្តោតការយកចិត្តទុកដាក់បន្ថែម
ដើម្បីធានាឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យ ព្រមទាំងត្រៀមរៀបចំខ្លួន និង ចាប់ផ្តើមគិតគូរអំពីការពង្រីកការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ ស្របតាមទិសដៅដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល និង សមស្របតាមការរីកចម្រើនរបស់សង្គមជាតិ, ជាពិសេស ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីចំណេញពេល និង ថវិកា ព្រមទាំងកាត់បន្ថយនូវបែបបទស្មុគស្មាញដែលមិនចាំបាច់ ។
២–ក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាល, រដ្ឋបាលខេត្តត្រូវសម្របសម្រួល, ណែនាំ និង តម្រង់ទិសដល់មន្ទីរ និង អង្គភាពជំនាញនានា ជុំវិញខេត្ត ឱ្យបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួន បានត្រឹមត្រូវស្របតាមច្បាប់ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជា-ពលរដ្ឋ, ជំរុញការអភិវឌ្ឍមូលដ្ឋាន និង ពង្រឹងការប្រមូលចំណូល ចូលក្នុងថវិកាជាតិ, ព្រមទាំងខិតខំសម្របសម្រួល និង ធ្វើសុខដុមនីយកម្មគម្រោងនានា នៅក្នុងការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ។ និង
៣–ត្រូវពង្រឹងយន្តការសម្របសម្រួល និង ដោះស្រាយបញ្ហាទំនាស់, ជម្លោះ និង ការទាមទារតវ៉ានានាដែលបានកើតមាននៅមូលដ្ឋាន ដោយផ្អែកតាមច្បាប់, គោលការណ៍ណែនាំ, បែបបទ និង នីតិវិធីជាធរមាន ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម, បង្កើនជំនឿទុក- ចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលថ្នាក់ក្រោមជាតិ និង បង្កើតបរិយាកាសល្អ ដល់ការ-រស់នៅ, ការវិនិយោគ និង ការប្រកបអាជីវកម្មផ្សេងៗ ។
ង.ការពង្រឹងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៖ ក្នុងការ-រួមចំណែកដល់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ខ្ញុំស្នើសុំឱ្យរដ្ឋបាល ខេត្ត បន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ ចំនួន ៤, ដូចខ្ញុំធ្លាប់បានគូសបញ្ជាក់កាលពីឆ្នាំកន្លងទៅ, ក្នុងនោះ រួមមាន៖ ទី១.ចូលរួមសហការជិតស្និទ្ធ និង ផ្តល់ការគាំទ្រចាំបាច់ នានា ដល់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពន្ធដារ, ពន្ធគយ និង អាករ, និង ចំណូលមិនមែនសារពើពន្ធ ប្រកបដោយប្រសិទ្ធភាព និង ការ-ទទួលខុសត្រូវខ្ពស់; ទី២.រៀបចំផែនការយុទ្ធសាស្រ្តថវិកា និង អនុវត្តថវិកាកម្មវិធី ដើម្បី ធានាថា កម្មវិធី និង ផែនការសកម្មភាពការងារ ត្រូវបានធ្វើសមាហរណកម្ម ហើយថវិកាត្រូវបានវិភាជន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាព របស់រដ្ឋបាលតាមថ្នាក់នីមួយៗ; ទី៣.ពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមរយៈការជំរុញការធ្វើបញ្ជីសារពើភ័ណ្ឌ, ការ-ធ្វើបណ្ណកម្មសិទ្ធ និង ការពង្រឹងប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងនោះ ឱ្យបានល្អ; និង ទី៤.លើកកម្ពស់ការទទួលខុសត្រូវ និង ភាពជាម្ចាស់ ក្នុងការអនុវត្តមុខងារ និង ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ដែលត្រូវបានផ្ទេរជូន ដោយក្រសួង- ស្ថាប័នថ្នាក់ជាតិ ឱ្យមានប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ។
ច. ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅមូលដ្ឋាន
ក្នុងផ្នែកនេះ, ក្រុមប្រឹក្សាខេត្ត, រដ្ឋបាលខេត្ត, ក្រុង-ស្រុក, មន្ទីរ, អង្គភាព, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារ ចំនួន ៣ ចំណុច រួមមាន៖
១–ក្រុមប្រឹក្សាខេត្ត, ក្រុង-ស្រុក អាណត្តិទី ៤ ត្រូវបានបោះឆ្នោតជ្រើសរើស ស្របតាមច្បាប់ និង គោលការណ៍នៃលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤ ។ ផ្អែកតាមច្បាប់, ក្រុមប្រឹក្សាដែលទើបចូលកាន់តំណែងថ្មី ត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៤-២០២៩) ដើម្បីដាក់ចេញនូវចក្ខុវិស័យក្នុងការ-អភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និង បរិ-យាបន្ន ។ ទន្ទឹមនេះ, ផ្អែកតាមច្បាប់ និង តាមការណែនាំរបស់ក្រសួងមហាផ្ទៃ, ក្រុមប្រឹក្សាខេត្ត, ក្រុង-ស្រុក ត្រូវរៀបចំ និង កសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ ឱ្យបានចប់សព្វ-គ្រប់ យ៉ាងយូរត្រឹមដំណាច់ខែ មិថុនា ឆ្នាំ ២០២៥ ។ ក្នុងន័យនេះ, ខ្ញុំសូមស្នើ និង ជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្ត និង ក្រុង-ស្រុក ផ្តោតការយកចិត្តទុកដាក់គិតគូរ ឱ្យបានម៉ត់ចត់ និង គ្រប់ជ្រុងជ្រោយ ដោយពិនិត្យលើគ្រប់ទិដ្ឋភាព និង ស្ថានភាពជាក់ស្តែង របស់មូលដ្ឋាននីមួយៗ នៅក្នុងដំណើរការរៀបចំ និង កសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំនេះ ព្រមទាំងឆ្លុះបញ្ចាំង និង ឆ្លើយតបនឹងគោលបំណង និង ទិសដៅជាអាទិភាពនៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ជាពិសេសត្រូវផ្តោតលើវិស័យអាទិភាពដែលជួយទ្រទ្រង់ និង ជំរុញកំណើនសេដ្ឋកិច្ច, ជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ, ជួយកាត់បន្ថយភាពក្រីក្រ និង ជួយដោះស្រាយនូវតម្រូវការចំបាច់ នៅមូលដ្ឋានរៀងៗខ្លួន ។
២–រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍនៅមូលដ្ឋាន ដោយបានគិតគូរដល់ការវិភាជថវិកានៅក្នុងទំហំសមស្រប ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមកំណើនសេដ្ឋកិច្ចជាតិ ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង គម្រោងសេវាសង្គមនានា សំដៅឆ្លើយតបនឹងតម្រូវការជាអាទិភាព របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សមធម៌, តម្លាភាព និង ចរីភាព ។ ដូចនេះ, ក្នុងការអនុវត្តគម្រោងប្រចាំឆ្នាំរបស់ខ្លួន, រដ្ឋបាលខេត្ត, ក្រុង-ស្រុក និង
ឃុំ-សង្កាត់ ត្រូវគោរព ឱ្យបានត្រឹមត្រូវតាមច្បាប់, គោលការណ៍ណែនាំ, បែបបទ និង នីតិវិធីដែលត្រូវបានកំណត់ ជាធរមាន, ជាពិសេស ត្រូវពង្រឹងការសិក្សា និង ការរៀបចំគម្រោង, ការអនុម័តគម្រោង, ការធ្វើលទ្ធកម្មសាធារណៈ, ការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃផ្នែកបច្ចេកទេស លើការ-អនុវត្តគម្រោង, ទាំងក្នុងពេលអនុវត្ត និង ក្រោយពេលបញ្ចប់គម្រោង, ដើម្បីធានាបានទាំង បរិមាណ និង គុណភាពនៃគម្រោង, តម្លាភាព និង សុចរិតភាព ។ ជាមួយគ្នានេះ, ក៏ត្រូវគិតគូរ អំពីមធ្យោបាយ និង វិធានការនានា ក្នុងការបង្កើនចំណូលចូលក្នុងថវិកាថ្នាក់ក្រោមជាតិ តាមរយៈការទាក់ទាញការវិនិយោគ, ការបង្កើនមុខរបរ, ការបង្កើនការងារ, ការបង្កើនប្រាក់-ចំណូលគ្រួសារ, ការពង្រីកអាជីវកម្ម និង ពាណិជ្ជកម្ម, ការទាក់ទាញភ្ញៀវទេសចរ ។ល។ ទាំងនេះគឺជាកត្តាសំខាន់ដែលអាចជួយបង្កើនថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ជួយជំរុញដល់ការអភិវឌ្ឍមូលដ្ឋាន ឱ្យមានការរីកចម្រើនបានឆាប់ ប្រកបដោយភាព-ជាម្ចាស់, មានភាពធន់ និង មានចីរភាព ។ និង
៣–ត្រូវយកចិត្តទុកដាក់ដល់ការគ្រប់គ្រង និង ការតម្រង់ទិសចំពោះការអភិវឌ្ឍទីក្រុង ។ សព្វថ្ងៃនេះ, ទីក្រុងមានសម្ទុះរីកចម្រើនយ៉ាងរហ័ស ពីមួយឆ្នាំទៅមួយឆ្នាំ ហើយទីក្រុងនីមួយៗ ចាំបាច់ត្រូវមានប្លង់គោលប្រើប្រាស់ដី ដែលជួយតម្រង់ទិសដល់ការប្រើប្រាស់ដី និង ជួយគ្រប់គ្រងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង បានសមស្រប, មាននិរន្តរភាព, មានភាពសន្សំសំចៃ និង អាចដោះស្រាយបាននូវបញ្ហាប្រឈមនានា នៅក្នុងទីក្រុង ដូចជា បញ្ហាសំណង់ខុសច្បាប់, ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និង ទីប្រជុំជន, បញ្ហាសំរាម និង អនាម័យ, បណ្តាញលូទឹកកខ្វក់, បណ្តាញទឹកស្អាត និង អគ្គិសនី, សណ្តាប់ធ្នាប់សាធារណៈ, សេវា សាធារណៈនានា, បរិស្ថាននៃការរស់នៅ ។ល។ ទន្ទឹមនេះ, ប្លង់គោលប្រើប្រាស់ដីទីក្រុង ក៏អាចត្រូវបានពិនិត្យ និង កែសម្រួលតាមតម្រូវការចាំបាច់នៃការអភិវឌ្ឍទីក្រុង ដើម្បីធានាថាការអភិវឌ្ឍទីក្រុង មានចីរភាព, សោភ័ណភាព, ភាពទាក់ទាញ, ភាពច្នៃប្រឌិត, អនាម័យល្អ, បរិស្ថានរស់នៅល្អ និង មានសណ្តាប់ធ្នាប់ ។