ឯកឧត្តម រដ្ឋលេខាធិការ សុខ ចាន់ភក្តី ថ្លែងថា អ្នកសារព័ត៌មានទាំងអស់ត្រូវបន្តស្វែងយល់អោយកាន់តែសុីជម្រៅអំពី «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា
«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» គឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន មានមូលដ្ឋានរួម តម្លៃរួមសម្រាប់ការអនុវត្តវិជ្ជាជីវៈ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព ជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា,
នេះជាការថ្លែងរបស់ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមសិក្សាស្វែងយល់ពីអ្នកសារព័ត៌មានប្រមាណជាង ៤០០នាក់ ។
ឯកឧត្តម សុខ ចាន់ភក្តី បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីអោយអ្នកសារព័ត៌មានបានយល់កាន់តែច្បាស់នូវតម្លៃនៃ
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ហើយយកទៅអនុវត្តអោយបានត្រឹមត្រូវតាមច្បាប់ និងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន ហើយអាចការពារអ្នកសារព័ត៌មានបាននៅពេលបំពេញការងារប្រកបទៅដោយវិជ្ជាជីវៈ ។
ឯកឧត្តម រដ្ឋលរខាធិការក្រសួងព័ត៌មាន បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងជាង ៤០០នាក់ ដែលបានចូលរួមត្រូវព្យាយាមក្រេបយកនូវចំណេះដឹង ពីគ្រូឧទ្ទេសដែលមានបទពិសោធន៏យូរឆ្នាំ ដើម្បីទុកជាស្ពាន និងជាយាន្ដផ្ដល់ជាចំណេះដឹង និងជំនាញយកទៅប្រើប្រាស់ ប្រកបដោយគុណភាពល្អប្រសើរក្នុងជីវភាពប្រចាំថ្ងៃ និងទៅអនាគត។
ឯកឧត្តម ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច MSJ បានជម្រាបជូនពីគោលបំណងនៃការរៀបចំសិក្ខាសាលាស្តីពី“ស្វែងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន”សម្រាប់អ្នកសារព័ត៌មាន នេះឡើង ដើម្បីលើកយកពីផលវិបាកនានាដែលបានជួបប្រទះក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មានប្រចាំថ្ងៃជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើសុំមតិណែនាំ តម្រង់ទិស ដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់គ្នា និងជាពិសេសទទួលបានចំណេះដឹងពីច្បាប់ និងវិជ្ជាជីវៈសារព័ត៌មាន ៕