ការប្រកួតកីឡាលើកទម្ងន់ ជើងឯកថ្នាក់ជាតិជាការសម្រួចស្វែងរកធនធាន ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩
តាមរយៈការប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ គឺជាការស្វែងរកធនធានឆ្នើមៗប្រចាំឆ្នាំ ជាពិសេសសម្រួចដល់ការស្វែងរកធនធានកីឡាករ កីឡាការិនីវ័យក្មេងផងដែរ ក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩។
នេះបើតាមការគូសបញ្ជាក់របស់លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា។ លោក ផាត់ បញ្ញាសុជាតក៍ បន្ថែមថា ការប្រកួតកីឡា លើកទម្ងន់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះ មានការរីកចម្រើន គួរឱ្យកត់សម្គាល់ តាមរយៈការបង្កើន គុណភាពបច្ចេកទេស របស់កីឡាករ កីឡាការិនី ចូលរួមប្រកួតប្រជែងមេដាយមកពីបណ្តាក្លឹបនានា។
លោក អនុប្រធាន បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន កីឡាករ កីឡាការិនី លើកទម្ងន់ជម្រើសជាតិកម្ពុជាមានចំនួន១០នាក់ ហើយសហព័ន្ធ កំពុងពិនិត្យមើលលទ្ធភាព និងស្នើសុំ ក្រសួងអប់រំ យុវជន និងកីឡាថាតើត្រូវ ជ្រើសរើសជម្រើសជាតិ ប៉ុន្មាននាក់ទៀត ដាក់បញ្ជូលក្រុមជម្រើសជាតិ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះ តាមរយៈជើងឯកថ្នាក់ជាតិ ឆ្នាំនេះ សហព័ន្ធក៏សម្រួចគោលដៅស្វែងរកធនធានកីឡាករ កីឡាការិនីវ័យក្មេងៗ ដើម្បីត្រៀមឆ្ពោះទៅប្រជែងមេដាយ ក្នុងនាមជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ នៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោក ផេង ប៉ាក អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានជម្រាបជូនថា ការប្រកួត ការប្រកួតកីឡាលើកទម្ងន់ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ បានដំណើរការប្រកួតរយៈពេល៤ថ្ងៃពីថ្ងៃទី១០ដល់ទី១៣ ខែមករា ឆ្នាំ២០២៥ នៅសាលរោងដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានការចូលរួមពីមន្ត្រី បច្ចេកទេស ៣៩នាក់ ស្រី១១នាក់ (ITO ៣នាក់ NTO ១៩នាក់) និងមន្ត្រីជំនាញរួមចំណែកមួយចំនួន។ ចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប៤៩នាក់ (កីឡាការិនី ៩នាក់) ស្នាក់នៅមជ្ឈមណ្ឌលប្រមូលផ្តុំអត្តពលិក ជម្រើសជាតិចំនួន៣០នាក់ ពហុកីឡដ្ឋានមរតកតេជោ និងការហូបចុករៀបចំដោយសហព័ន្ធ ពិធីបិទប្រារព្ធធ្វើ ឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ការប្រកួតនេះមានការចូលរួមពីរាជធានី-ខេត្ត និងស្ថាប័ន-ក្រសួង សរុបចំនួន៨ ដែលមានអត្តពលិកចូលរួមចំនួន ៣៣នាក់ ស្រី ៩នាក់។
អគ្គលេខាធិការ ស្តីទី លោក ផេង ប៉ាក បានវាយតម្លៃថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺមន្ត្រីបច្ចេកទេសបានអនុវត្តនូវការដឹកនាំបច្ចេកទេស និងការកាត់សេចក្តីប្រកបដោយយុត្តិធម៌ មានតម្លាភាព ដែលធ្វើឱ្យលទ្ធផលការប្រកួតលើគ្រប់វិញ្ញាសាទាំង៨បានបញ្ចប់ដោយរលូន និងជោគជ័យ។ ជាលទ្ធផលបច្ចេកទេស ក្នុងចំណោមវិញ្ញាសាចំនួន៨ គឺក្រសួងការពារជាតិ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះបានមេដាយមាស៧វិញ្ញាសា, ចំណាត់ថ្នាក់លេខ២ ខេត្តសៀមរាប ទទួលបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ ខណៈខេត្តកណ្តាល ឈរនៅចំណាត់ថ្នាក់លេខ៣ ដោយដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១។ ចំពោះក្លឹបចំនួន៥ផ្សេទៀត ទទួលបានមេដាយប្រាក់ និងសំរឹទ្ធមួយចំនួន និងឈរនៅលេខរៀងបន្តបន្ទាប់។
បន្ថែមពីលើនេះ លោក ផេង ប៉ាក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែផ្តល់ថវិកាគាំទ្រប្រចាំឆ្នាំ ក្នុងការពន្លឿនការអភិវឌ្ឍវិស័យកីឡាកម្ពុជាឱ្យកាន់តែល្អប្រសើរពីមួយទៅមួយឆ្នាំ។ ក្នុងនាមសហព័ន្ធលោកក៏បានថ្លែងអំណរគុណ ដល់លោកស្រី សុខ រក្សា នាយិកាក្រុមហ៊ុន នាំចូលផលិតផល សាប៊ូកក់សក់ គ្រីអេតមី ដែលបាន ចូលរួមឧបត្ថម្ភគាំទ្រជាផលិតផល និងថវិកាលើកទឹកចិត្តតាមវិញ្ញាសាជ័យលាភីនីមួយៗ។
លោកស្រី សុខ រក្សា បានបង្ហាញក្តីរីករាយ ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាលើកដំបូង ក្នុងការប្រកួតកីឡាលើកទម្ងន់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤។ លោកស្រីនាយិការូបនេះបានចាត់ទុកថា នេះការចូលរួមឧបត្ថម្ភលើកទឹកដល់កីឡាករ កីឡាការិនីមកពីបណ្តាក្លឹបនានា ក្នុងន័យរួមដំណើរជាមួយសហព័ន្ធ ក្នុងការផលិតធនធាន និងអភិវឌ្ឍជំនាញប្រភេទកីឡាអូឡាំពិកមួយនេះនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕