សិក្ខាសាលាបច្ចេកទេស យុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ ដើម្បីត្រៀមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» បញ្ចប់ដោយជោគជ័យ
សិក្ខាសាលាបច្ចេកទេស យុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ ដើម្បីពង្រឹង សមត្ថភាព និងបច្ចេកទេស ដល់គ្រូបង្វឹក គ្រប់យុទ្ធគុនខ្មែរបុរាណ សម្រាប់ត្រៀមរៀបចំ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការសិក្សា រយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី៩-១១ ខែមករា នៅសាលាកីឡា គុណធម៌ រាជធានីភ្នំពេញ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ចំពោះកិច្ចរៀបចំ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» បានបញ្ជាក់ថា វគ្គនេះ រៀបចំឡើង ក្រោយទទួលបានការអនុញ្ញាត និងអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការយកចិត្តទុកដាក់ពី ឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព។
ក្រោយការសិក្សារយៈពេល ៣ថ្ងៃ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យ នៃវគ្គនេះ ដ្បិតសិក្ខាកាមជាគ្រូបង្វឹកមកពីគ្រប់យុទ្ធគុនខ្មែរ បានចូលរួមដោយក្ដីរីករាយ និងចង់ចេះចង់ដឹងនូវបច្ចេកទេសពិសេសៗ សម្រាប់យកទៅបង្ហាត់បង្រៀនកីឡាករ-កីឡាការិនី តាមសមាគម/ក្លិប និងរាជធានី-ខេត្ត ស្របតាមគោលការណ៍ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ដែលមិនត្រឹមដាក់ចេញនូវការប្រកួតដណ្ដើមពានរង្វាន់ តែសម្ដេចក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សផងដែរ។
ឯកឧត្តម បន្ដថា «អ្វីដែលយើងខិតខំប្រឹងប្រែង ក្នុងបណ្ដុះបណ្ដាលនេះ គឺយើងធ្វើយ៉ាងណាឲ្យលោកគ្រូទាំងអស់គាត់មានសាមគ្គីភាពផ្ទៃក្នុងល្អ ឲ្យគាត់ចេះស្រលាញ់ក្បាច់គុនយុទ្ធគុនរបស់ដូនតាទាំងអស់គ្នា ហើយបន្ដការថែរក្សានូវមរតកក្បាច់គុននេះឲ្យបានយូរអង្វែង សម្រាប់ចែកជូនកូនចៅជំនាន់ក្រោយ ស្របតាមគោលការណ៍អភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនដូនតាខ្មែរ ដែលជាគោលការណ៍រួម ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាវបរធិបតីនាយករដ្ឋមន្ដ្រី»។
ក្រោយបញ្ចប់ការពង្រឹងបច្ចេកទេសដល់គ្រូបង្វឹក សម្រាប់យកចំណេះដឹងទៅបង្ហាត់ដល់សិស្សគុនរបស់ខ្លួននេះដែរ អនុប្រធានអចិន្ដ្រៃយ៍ គ.ច.យ.ខ.ព ដដែល បានបង្ហាញសុទិដ្ឋិនិយមថា «ការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិបតី លើកទី២ នឹងមានគុណភាពផ្នែកបច្ចេកទេសកាន់តែល្អប្រសើរ ហើយការប្រកួតកាន់តែទាក់ទាញ ហើយស្វែងរកកីឡាករដែលមានទេពកោសល្យខ្ពស់ និងមានសមត្ថភាពល្អបានត្រឹមត្រូវ ហើយកាន់តែធ្វើឲ្យគុណតម្លៃនៃការប្រកួត ពានរង្វាន់សម្ដេចបវរធិបតី កមានភាពល្បីល្បាញថែមទៀត»៕