ក្រោយពីប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹករយៈពេលខ្លីមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកូរ៉េហើយ! ទីបំផុតលោក Yoon Suk Yeol ព្រមអង្គុយចុះឲ្យគេចាប់ខ្លួនជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែរ!

មន្ត្រីអនុវត្តច្បាប់រាប់រយនាក់ក្នុងប្រទេសកូរ៉េខាងត្បូងបានសម្រុកចូលទៅក្នុងបរិវេណលំនៅដ្ឋានផ្លូវការរបស់ប្រធានាធិបតីកូរ៉េក្រោយពីសម្រេចចោទប្រកាន់លោក Yoon Suk Yeol នៅព្រឹកព្រលឹមថ្ងៃពុធនេះក្នុងរដ្ឋធានីសេអ៊ូល។ ការឃុំខ្លួននេះគឺជាការងារព្យាយាមជាលើកទីពីរហើយរបស់ពួកគេដើម្បីឃុំខ្លួនលោក Yoon ជុំវិញសកម្មភាពដែលលោកសម្រេចប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹកពីថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៤ជាង១ខែមុន។ បន្ទាប់ពីការប្រឈមមុខដាក់គ្នាអស់ជាច្រើនម៉ោងនៅច្រកទ្វារនៃបរិវេណគេហដ្ឋានផ្លូវការ គេក៏បានឃើញក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយ និងមន្ត្រីប៉ូលិសបានសម្រុកចូលគេហដ្ឋានរបស់លោកយ៉ាងក្រាស់ក្រែល បើទោះបីជាមានការរារាំងដោយជណ្ដើរនិងដោយរថយន្តក្រុងដាក់ពង្រាយពីសំណាក់ក្រុមបម្រើសេវាសន្តិសុខប្រធានាធិបតីនៅក្បែរច្រកចូលនៃបរិវេណគេហដ្ឋានទាំងមូលក៏ដោយ ដើម្បីប្រឆាំងនឹងការចាប់ខ្លួននេះនាពេលកន្លងមក ក្រោយពីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ និងប៉ូលិសកំពុងធ្វើការស៊ើបអង្កេតរួមគ្នាកាលពីល្ងាចមិញថាតើការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក Yoon កាលពីថ្ងៃទី៣ ខែធ្នូ ស្មើនឹងការប៉ុនប៉ងបះបោរ ឬ ក្បត់ជាតិដែរឬទេ។ ពួកគេបានសន្យាថានឹងមានវិធានការណ៍ខ្លាំងបន្ថែមទៀតដើម្បីតាមចាប់ឃុំខ្លួនលោក បន្ទាប់ពីសេវាសន្តិសុខប្រធានាធិបតីបានព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងដំបូងរបស់ពួកគេនៅថ្ងៃទី០៣ ខែមករាឆ្នាំ២០២៥ក្តី។ អ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយ និងមន្រ្តីប៉ូលីសត្រូវបានគេដាក់ពង្រាយក្នុងប្រតិបត្តិការដ៏កក្រើកនេះជាច្រើនសារជាច្រើនថ្ងៃមកហើយដើម្បីចាប់ឃុំខ្លួន Yoon ពីក្នុងសាល Hannam-dong ដែលជាកន្លែងស្នាក់នៅបែបឯកជនភាពរបស់ប្រធានាធិបតីអស់ជាច្រើនសប្តាហ៍។ កន្លងទៅលោក Yoon បានផ្តល់មូលហេតុត្រឹមត្រូវដែលលោកអាចប្រើច្បាប់អាជ្ញាសឹករបស់លោកបានក្នុងនាមជាមេដឹកនាកំពូលរបស់ប្រទេស ថាជាទង្វើស្របច្បាប់នៃអភិបាលកិច្ចប្រឆាំងនឹងក្រុមប្រឆាំងក្នុងប្រទេស ឬ “ប្រឆាំងនឹងរដ្ឋ” ដែលបំផ្លិចបំផ្លាញរបៀបវារៈរបស់លោកជាមួយនឹងការវិភាគភាគច្រើននៃនីតិបញ្ញត្តិ ហើយលោកក៏បានប្តេជ្ញាថានឹង “តស៊ូដល់ទីបញ្ចប់” ដែរដើម្បីប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តេញរូបលោកចេញពីតំណែងនោះ។ ទោះបីជាមានដីការបស់តុលាការសម្រាប់ការឃុំខ្លួនលោក Yoon មានឥទ្ធិពលក៏ដោយ ក៏សេវាសន្តិសុខប្រធានាធិបតីបានទទូចថា វាជាកាតព្វកិច្ចរបស់ពួកគេដើម្បីការពារប្រធានាធិបតីរបស់ប្រទេដដែល ដោយពួកគេបានពង្រឹងបរិវេណគេហដ្ឋាននោះជាមួយនឹងខ្សែលួសបន្លាដែក និងចតរថយន្តក្រុងធំៗដែលបិទច្រកចូល។ នៅពេលដែលស្ថានភាពតានកាន់តែតានតឹងទៅ មេដឹកនាំស្តីទីកូរ៉េខាងត្បូងបណ្តោះអាសន្ន ដែលត្រូវជាឧបនាយករដ្ឋមន្ត្រីកូរ៉េលោក Choi Sang-mok បានចេញសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃពុធនេះថាដាច់ខាតអនុវត្តច្បាប់ និងបំបែកសេវាសន្តិសុខប្រធានាធិបតី ដើម្បីធានាថាមិនមាន “ការប៉ះទង្គិចគ្នាខាងរាងកាយឡើយ” ។ ក្រុមមន្ត្រីប៉ូលិសពិសេសនោះបានស្លៀកពាក់អាវធំពណ៌ខ្មៅ និងរថយន្តប៉ូលីសអម រួមទាំងរថយន្តពណ៌ស ដែលអាចមានសមាជិកនៃក្រុមស្វែងរក និងក្រុមអ្នកចាប់ខ្លួនពិសេសនៅខាងក្នុងដែរ ដែលបានដាក់ពង្រាយតាំងពីខាងមុខទ្វារដែកបិទជិត រហូតដល់បរិវេណខាងក្នុងប្រធានាធិបតី។ ក្រោយពីចាប់ឃុំខ្លួនលោក Yoon ស្រាបតែមេធាវីរបស់លោកបាននិយាយថា សេវាសន្តិសុខប្រធានាធិបតីនឹងបន្តផ្តល់សន្តិសុខដល់លោក Yoon បន្តទៀត ហើយលោកបានអះអាងថា ដីកាឃុំខ្លួនដែលចេញដោយតុលាការក្រុង Seoul Western គឺមិនត្រឹមត្រូវតាមច្បាប់នោះទេ។ ពួកគេបានលើកឡើងពីច្បាប់មួយដែលជាអំណាចការពារទីតាំងដ៏មានសក្តានុពលគឺសំដៅគេហដ្ឋានប្រធានាធិបតីដែលទាក់ទងនឹងអាថ៌កំបាំងយោធា គឺមានមនុស្សម្នាក់គត់ដែលអាចបញ្ជារបានគឺលោក Yoon តែម្តង។ សូមរំលឹកថាដីការបស់តុលាការសម្រាប់ការឃុំខ្លួនលោក Yoon គឺមានសុពលភាពរហូតដល់ថ្ងៃទី២១ខែមករាឆ្នាំ២០២៥នេះ។ មិនតែប៉ុណ្ណោះគេក៏បានឃើញសមាជិកសភាមកពីគណបក្សកាន់អំណាច មានប្រជាជនជាអ្នកគំាទ្រលោក Yoon រួមជាមួយនឹងមេធាវីរបស់លោកដែរ នៅខាងមុខច្រកទ្វារលំនៅដ្ឋាន ដោយពួកគេព្យាយាមបង្ករជម្លោះជាមួយមន្ត្រីប្រឆាំងអំពើពុករលួយ និងមន្រ្តីប៉ូលីសប៉ុនប៉ងចូលទៅឃុំខ្លួនលោក Yoon ប៉ុន្តែពួកគេមិនតបតអ្វីទាំងអស់ ដើម្បីបញ្ចៀសអំពើហឹង្សា ហើយលោក Yoon ក៏បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តកូរ៉េដែលត្រូវគេចូលទៅចាប់ឃុំខ្លួន និង ដំបូងបង្អស់ដែលយល់ព្រមអង្គុយចុះឲ្យគេចាប់ខ្លួនដែរ៕