ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសារចុងក្រោយនៃរបាយការណ៍សន្និបាតឆ្នាំ២០២៥
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសារចុងក្រោយបញ្ចប់នូវរបាយការណ៍បូកសរុបការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីត្រៀមក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ កិច្ចប្រជុំនាឱកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង អគ្គនាយិការរង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជំនាញជាច្រើនរូប។
ឯកឧត្តម អគ្គនាយក មានប្រសាសន៍ថា ទូរទស្សន៍ជាតិកម្ពុជា បានដើរតួនាទីជាប្រព័ន្ធផ្សព្វផ្សាយនូវប្រតិកម្មរហ័ស ដោយបានបង្កើតក្រុមការងារពិសេស ដើម្បីឆ្លើយតបភ្លាមទៅនឹងព័ត៌មានក្លែងក្លាយ និងព្រឹត្តិការណ៍សំខាន់ៗ ដែលកិច្ចការងារនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់ដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ក្នុងឱកាសនេះ ឯកឧត្តម ប្រធានអង្គប្រជុំ បានផ្តល់នូវអនុសាសន៍ និងលើកឡើងជាមតិយោបល់ទៅក្នុងរបាយការណ៍ និងពិនិត្យចុងក្រោយទៅលើខ្លឹមសារ សមិទ្ធផលដែលសម្រេចអនុវត្តបានក្នុងរយៈពេលមួយឆ្នាំ២០២៤ មានដូចជា បច្ចុប្បន្នភាពមន្ត្រី ការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ទំនើបកម្មស្ថាប័ន កិច្ចសហប្រតិបត្តិការ បរិវត្តកម្មឌីជីថល និងការងារដែលនាយកដ្ឋាននីមួយៗចំណុះឲ្យអគ្គនាយកដ្ឋាន សម្រេចបានយ៉ាងជោគជ័យទាំងក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ បន្ថែមពីនេះ ឯកឧត្តម អគ្គនាយក ក៏បានកែប្រែ និងបន្ថែមខ្លឹមសារមួយចំនួនផងដែរ អំពីបញ្ហាប្រឈម និងដំណោះស្រាយ ដែលក្រុមការងារបានជួបប្រទះ ក្នុងរយៈពេល១ឆ្នាំ និងទិសដៅការងារបន្តក្នុងឆ្នាំ២០២៥ខាងមុខ ដើម្បីពង្រីកវិសាលភាពការងាររបស់អគ្គនាយកដ្ឋាន ឲ្យកាន់តែមានការរីកចម្រើន ស្របតាមយុគសម័យឌីជីថល។
ឯកឧត្តម ប្រធានអង្គប្រជុំ បានមានអនុសាសន៍ណែនាំ លើកទឹកចិត្ត និងស្នើសុំដល់ក្រុមការងារនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាទាំងអស់ឲ្យយកចិត្តទុកដាក់អនុវត្តការងារក្នុងឆ្នាំ២០២៥បន្ថែមទៀត ដោយគោរពតួនាទីភារកិច្ចការងារ រួមគ្នាធ្វើ រួមគ្នាគិត ដើម្បីសម្រេចទទួលបានជោគជ័យ ក្នុងការធ្វើឲ្យអគ្គនាយកដ្ឋានប្រព្រឹត្តទៅប្រកបដោយនិរន្តភាព និងបរិយាបន្ន។
សូមជម្រាបថា កិច្ចប្រជុំបូកសរុបរបាយការណ៍របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានាឱកាសនេះ គឺដើម្បីត្រៀមសម្រាប់ចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ដែលនឹងប្រព្រឹត្តទៅរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕