ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ស្នើដល់អ្នកសារព័ត៌មានទាំងអស់បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជា បានកាន់តែច្រើនបន្ថែមទៀតដើម្បីជាកិត្តិយសជាតិ កេរ្តិ៍ឈ្មោះ តាមរយៈការផ្តល់ព័ត៌មានពិត ត្រឹមត្រូវដល់ភ្ញៀវទេសចរ
ជាមួយនេះ ឯកឧត្តម រដ្ឋមន្ត្រី សូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាសង្គម ជាពិសេសក្រុម MMO សូមកុំអោយគិតតែការស្វែងរកលុយពីការផ្សព្វផ្សាយនូវព័ត៌មាន ខ្លឹមសាររបស់ខ្លួនដែល ប្រាស់ចាកពីក្រមសីលធម៍ វិជ្ជាជីវៈ សូមប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ គោរពនូវតម្លៃរបស់សង្គម កិត្តិយសជាតិ សីលធម៍,
តាមរយៈនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអោយបង្កើតមាតិកាល្អៗទាក់ទងប្រពៃណី វប្បធម៍ ទំនៀមទម្លាប់ ទីតាំងសក្តានុពលទេសចរណ៍ផ្សេងៗដែល មាននៅក្នុងប្រទេសកម្ពុជា ហើយចូលរួមផ្សព្វផ្សាយរាល់សក្តានុពលទេសចរណ៍នៅតាមតំបន់នានាដែលមានភាពទាក់ទាញអោយបានទូលំទូលាយ ព្រោះវិស័យទេសចរណ៍គឺជាសសរស្ដម្ភមួយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាន មានការពាក់ព័ន្ធវិស័យផ្សេងៗជាពិសេសវិស័យទេសចរណ៍ បើការផ្សាយព័ត៌មានដែលល្អគឺជួយលើកកម្ពស់វិស័យដែលយើងមាន ក្នុងនោះវិស័យទេសចរណ៍គឺជាកត្តាសំខាន់ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើផ្នែកព័ត៌មាន បើសិនជាការផ្សព្វផ្សាយព័ត៌មានដែលល្អ ព័ត៌មានដែលមានសុវត្ថិភាព នឹងផ្តល់ជំនឿទុកចិត្ត តាមរយៈការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ធ្វើអោយភ្ញៀវទេសចរបរទេស ដែលមានគោលបំណងធ្វើដំណើរមកទេសចរណ៍លេងកំសាន្តនៅក្នុងប្រទេសកម្ពុជា មានជំនឿទុកចិត្តកាន់តែខ្ពស់ ព្រោះថាការធ្វើដំណើរកំសាន្ត ប្រកបដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាព ។ ឯកឧត្តម បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន គឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមជួយដល់ក្រសួងទេសចរណ៍ លើការផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលទេសចរណ៍ ចូលរួម បង្ការ ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយទាំងឡាយដើម្បីកុំអោយខូចមុខមាត់ប្រទេសជាតិ ឬក៏ប៉ះពាល់ដល់អារម្មណ៍និងបង្កើតអោយមានបញ្ហានៃក្តីព្រួយបារម្មណ៍ដល់ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជា។
តើវិស័យព័ត៌មានបានចូលរួមអ្វីខ្លះក្នុងការជម្រុញដល់ការរីកចម្រើនវិស័យទេសចរណ៍? ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើការបញ្ជាក់ថា ព័ត៌មានគឺជាការចាំបាច់សម្រាប់ភ្ញៀវទេសចរ នៅពេលដែលគាត់កំណត់ទិសដៅដំណើរទស្សនានៅទីតាំងប្រទេសណាមួយ គឺគាត់តែងតែប្រមូលព័ត៌មាន ក៏ដូចជាការស្វែងរកនូវព័ត៌មានផ្សេងៗ ពាក់ព័ន្ធជាមួយទីតាំងអោយបានច្បាស់លាស់ពិត ត្រឹមត្រូវ ។ ប្រព័ន្ធផ្សព្វផ្សាយបានបង្កើននូវការផ្សាយច្រើនអំពីព័ត៌មានដែលទាក់ទងជាមួយប្រទេសកម្ពុជា ហើយក្នុង រយៈពេលកន្លងទៅនេះ ក្រសួងទេសចរណ៍បានខិតខំប្រឹងប្រែងផលិត Sport ហើយសហការជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សេងៗទៀត ដើម្បីធ្វើការផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ និងភាពសម្បូរណ៍បែបនៃវប្បធម៍ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍ធម្មជាតិ ក្នុងទិសដៅទាក់ទាញភ្ញៀវទេសចរមកទស្សនានៅក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងនេះ ក៏បានឃើញនូវបញ្ហាដែលកើតឡើង ហើយបានធ្វើអោយពណ៌ នៃរូបភាពដ៏ស្អាតនៃទេសភាព របស់ប្រទេសកម្ពុជា វប្បធម៍ ធនធានធម្មជាតិដ៏សម្បូរណ៍បែប បានប្រែពណ៌ខ្លះដោយសារការផ្សព្វផ្សាយនូវព័ត៌មានដែលមិនត្រឹមត្រូវ និងព័ត៌មានមិនពិតអំពីប្រទេសកម្ពុជា ។ ដូច្នេះហើយតាមរយៈនៃកិច្ចសហការ ផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ នាឱកាសនេះ គឺក្រសួងព័ត៌មាន បានដាក់ចេញវិធានការ វិធានការក្នុងការចូលរួមគាំទ្រលើកស្ទួយលើការផ្សព្វផ្សាយលើវិស័យទេសរណ៍ជូនទៅដល់ប្រជាជនកម្ពុជា និងទៅដល់ពិភពលោក ។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានសំដែងនូវការវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងទេសចរណ៍ ជាមួយក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដើម្បីរួមគ្នាផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជា ដែលជាវិស័យចម្បងមួយក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញកំណើនថវិកាជាតិ ការវិនិយោគ និងបង្កើនការងារជូនប្រជាជន។ ជាមួយនេះក៏សូមអរគុណដល់អ្នកសារព័ត៌មានទាំងអស់ដែលមានគុណតម្លៃ និងមានគុណធម៌លំដាប់ជាតិមួយ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មាន គឺបានធ្វើអោយភ្ញៀវទេសចរជាតិ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ បានឃើញពីសក្តានុពលនៃគោលដៅទេសចរណ៍ដ៏សម្បូរបែបរបស់ ព្រះរាជាណាចក្រអច្ឆរិយៈ ព្រមជាមួយផលិតផលទេសចរណ៍ប្រកបដោយ ភាពច្នៃប្រឌិត និងភាពជាខ្មែរ ដែលរួមមានបេតិកភ័ណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ និងប្រជាជនខ្មែរដែលប្រកបដោយសន្តិភាព និងភាពកក់ក្ដៅ។ ដូច្នេះជាទិសដៅបន្តទៅមុខទៀតដើម្បីអោយវិស័យទេសចរណ៍មានការរីកចម្រើនបន្ថែមទៀត គែទាមទារមានកិច្ចសហការពីគ្រប់ក្រសួង ស្ថាប័ន និងផ្នែកពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យព័ត៌មានដែលផ្នែកមួយសំខាន់ក្នុងការផ្សព្វផ្សាយ លុបបំបាត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធវិស័យទេសចរណ៍ ដើម្បីការអភិវឌ្ឍឧស្សាហ៍កម្មទេសចរណ៍នៅកម្ពុជាកាន់តែរឹងមាំ ។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនពីចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជានៅឆ្នាំ២០១៩ មុនជំងឺកូវីដ-១៩ កើតឡើង គឺមានចំនួន ៦លាន ៦សែននាក់ បើប្រៀបធៀបឆ្នាំ២០២៤ កន្លងទៅនេះគឺទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦លាន ៧សែននាក់ លើសឆ្នាំ២០១៩ ចំនួន ១.៤% បើធៀបនិងឆ្នាំ២០២៣ កើនឡើង ២២.៩% ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ស្នើដល់អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រ ប្រធានបទរបស់ក្រសួងទេសចរណ៍ គឺ “ ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ “ “ ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងព័ត៌មានក្លែងក្លាយ” ។
នៅក្នុងពិធីផ្សព្វផ្សាយនេះដែរ ក៏មានការលើកឡើងការណែនាររបស់រាជរដ្ឋាភិបាលកម្ពុជាដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival អោយមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតំលៃទិដ្ឋកាអេឡិកត្រូនិក ( e-Visa ) ប្រភេទទេសចរ ( T ) និងប្រភេទធម្មតា ( E ) ឲ្យបានសមស្រប ក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ និងទេសចរដែលចូលមកប្រទេសកម្ពុជា ៕