ឯកឧត្តម សុក ផេង បានប្រកាសបើកដំណើរការទទួលពាក្យប្រឡងចូលរៀនថ្នាក់ជាតិ ដោយការទទួលពាក្យស្នើសុំចូលរួមប្រឡងតាមប្រព័ន្ធអនឡាញ

ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ ប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី បើកដំណើរការទទួលពាក្យប្រឡងចូលរៀនថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល តាមប្រព័ន្ធអនឡាញ ( (https://medical-exam.poscar.cloud/)https://medical-exam.poscar.cloud/) (https://medical-exam.poscar.cloud/) ។

ឯកឧត្តម សុក ផេង បានថ្លែងថា ការបើកដំណើរការទទួលពាក្យប្រឡងថ្នាក់ជាតិ សម្រាប់បណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបអនឡាញនេះជាលើកដំបូង ហើយបច្ចេកវិទ្យានេះនឹងរត់ឱ្យទាន់តាមបណ្ដាប្រទេសជឿលឿនថែមទៀត ដែលបណ្ដាប្រទេសលើសកលោកបានធ្លាប់ធ្វើកន្លងមកហើយ។

ឯកឧត្តម សុក ផេង បានបន្ដទៀតថា ការទទួលពាក្យប្រឡងថ្នាក់ជាតិចូលរៀនតាមប្រព័ន្ធអនឡាញនេះ គឺអនុវត្តទៅតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ហើយក្នុងគោលបំណងដើម្បីកាត់បន្ថយនូវការចំណាយពេលវេលា និងថវិកា ហើយក៏ជាសម្រួលដល់បេក្ខជនដែលមានបំណងដាក់ពាក្យចូលរួមការប្រឡងឱ្យមានភាពងាយស្រួល និងធានាបាននូវតម្លាភាព និងប្រសិទ្ធភាពនៃការដាក់ពាក្យ។ ការប្រឡងថ្នាក់ជាតិចូលរៀនក្នុងវិស័យសុខាភិបាល គឺដើម្បីជ្រើសរើសនិស្សិតពូកែ មានសមត្ថភាពខ្ពស់ចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាល។

ឯកឧត្តម បានឱ្យដឹងថាទៀត «គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានជ្រើសយកក្រុមហ៊ុន poscar ជាក្រុមហ៊ុនដែលធ្លាប់មានបទពិសោធន៍ខ្ពស់ជាមួយនឹងការប្រឡងជ្រើសរើសមន្ដ្រីតាមបណ្ដាក្រសួងស្ថាប័ន ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងពេលកន្លងទៅនេះ ។ ដូច្នេះគណៈកម្មាធិការប្រឡងថ្នាក់ជាតិ មានការទុកចិត្ដ និងជឿជាក់ទៅលើក្រុមហ៊ុន poscar ដែលការរៀបចំនេះ គឺជារៀបចំបែបទំនើប ដែលបានសម្រួលច្រើនដល់ប្រជាពលរដ្ឋយើង ព្រោះថាបើសិនជាពលរដ្ឋយើងមកដាក់ពាក្យប្រឡងនៅរាជធានីភ្នំពេញដោយខ្លួនឯង ចំណាយថវិកាច្រើន ទាំងការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក និងអាចមានបញ្ហាតាមដងផ្លូវទៀត ពិសេសនៅអ្នកនៅតាមបណ្ដាខេត្ដដាច់ស្រយាល។

លោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុន POSCAR Cambodia បានឱ្យដឹងថា ក្រុមហ៊ុនផុស្ការឌីជីធលបានសហការណ៍ជាមួយគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដើម្បីផ្តល់ប្រព័ន្ធអនឡាញសម្រាប់ទទួលពាក្យប្រឡងចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា ២០២៤-២០២៥។

ការទទួលពាក្យតាមប្រព័ន្ធអនឡាញ បានផ្តល់ភាពងាយស្រួលដល់បេក្ខជន ដោយពុំចាំបាច់ធ្វើដំណើរមកដាក់ពាក្យ និងអាចទទួលព័ត៌មានពីការដាក់ពាក្យបានរហ័ស ប្រព័ន្ធអនឡាញក៏បានផ្តល់ភាពងាយស្រួលដល់ក្រុមការងារទទួលពាក្យ ក្នុងការត្រួតពិនិត្យឯកសារដាក់ពាក្យប្រឡងបានគ្រប់ពេល និងទាញយករបាយការណ៍បេក្ខជនដាក់ពាក្យបានតែម្តង។កន្លងមកក្រុមហ៊ុនផុស្ការ ក៏បានផ្តល់សេវាកម្មឌីជីថលដល់ក្រសួងមុខងារសាធារណៈ សម្រាប់ការដាក់ពាក្យប្រឡងចូលក្របខណ្ឌមន្រ្តីរាជការស៊ីវិលជាច្រើនលើក និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់សេវាប្រព័ន្ធគ្រប់គ្រងសាលារៀនបែបឌីជីថលដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាច្រើននៅក្នុងប្រទេសកម្ពុជា។ការបញ្ជាក់បន្ថែមរបស់លោក ងន់ ម័រ។

សូមជម្រាបថា ការទទួលពាក្យស្នើសុំចូលរួមប្រឡងនេះ គឺបេក្ខជនត្រូវដាក់ពាក្យស្នើសុំចូលរួមប្រឡង តាមរយៈគេហទំព័រ https://medical-exam.poscar.cloud/ ឬតាមរយៈ QR Code។ ការដាក់ពាក្យចូលរួមប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទី។ ការដាក់ពាក្យចូលរួមប្រឡងចូលរៀនថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នឹងចាប់ផ្តើមពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទី៕