រដ្ឋមន្រ្តីសុខាភិបាល÷ សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមិនអាចកាត់ផ្តាច់បាន ពីការចូលរួមចំណែកគាំទ្ររបស់ ដៃគូអភិវឌ្ឍន៍
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជានៅស្តីការក្រសួងសុខាភិបាលនាព្រឹក
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ បន្ថែមថា សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា“ និងមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកគាំទ្រ ពីសំណាក់ដៃគូអភិវឌ្ឍន៍ទាំងឡាយបានទេ ក្នុងនោះធនាគារពិភពលោក គឺជាដៃគូសំខាន់មួយ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បាន ផ្តល់អនុសាសន៍លើបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយបញ្ហា និងអាទិភាពសំខាន់ៗរបស់ក្រសួងសុខាភិបាល ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា។
លោកស្រីនាយកធនាគារពិភពលោក បានបញ្ជាក់ជំហរយ៉ាងម៉ឹងម៉ាត់ថា ក្រោយពីបានស្តាប់ប្រសាសន៍ និងការលើកទឹកចិត្ត របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី “ខ្ញុំ និងសហការី នៃធនាគារពិភពលោក សូមប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមគោលដៅរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តលើគម្រោងសុខាភិបាលនានា។
លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំក្រសួងសុខាភិបាល ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយដែលនាំឱ្យវិស័យសុខាភិបាល បានទទួលនូវសមិទ្ធិផលជាច្រើនគួរជាទីមោទនៈ ក្នុងរយៈពេលជាង១ឆ្នាំ កន្លងមក។ លោកស្រី បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី អំពីលទ្ធផលការងារជាមួយ ក្រសួងសុខាភិបាល និងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងការអនុវត្តគម្រោងនានា នាពេលបច្ចុប្បន្ន និងអនាគត៕