គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato’ (Dr.) Johari bin Abdul) ប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញមកដល់ព្រះរាជា ណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៥នេះ ។ 

អញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមាន ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងឯកឧត្តម ប៉ាសុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ម៉ាឡេស៊ី ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី នឹងគ្រោងអញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងជំនួបទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការ ងារជាមួយអ្នកឧកញ៉ាបណ្ឌិត អូស្មាន់ ហាសាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផងដែរ៕