ជំនួបជាមួយឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានរដ្ឋសភាម៉ាឡេស៉ី បានស្ញប់ស្ញែងចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសមជាមួយឯឧត្តម បណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី។ ជំនួបនេះត្រូវបានប្រព្រឹត្តទៅនៅវិមានសន្តិភាព។
ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងជូនពរ ឯកឧត្តម បណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងចាត់ទុកដំណើរទស្សនកិច្ចនេះជាសារបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងល្អរវាងកម្ពុជា និងម៉ាឡេស៉ី ទាំងក្នុងក្របខ័ណ្ឌសភា និងក្របខ័ណ្ឌរាជរដ្ឋាភិបាល។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានចាត់ទុកប្រទេសម៉ាឡេស៉ី ជាដៃគូ និងជាមិត្តដ៏ល្អដែលដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងកិច្ចកសាងសន្ដិភាព និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានរយៈកាល៦៨ឆ្នាំមកហើយ ខណៈម៉ាឡេស៉ីជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលមកវិនិយោគនៅកម្ពុជា បន្ទាប់ពីរបបប្រល័យពូជសាសន៍ត្រូវបានផ្ដួលរំលំ និងបានចូលរួមយ៉ាងសំខាន់ក្នុងប្រតិបត្តិការកសាងសន្ដិភាព បានរយៈការបញ្ជូនកងកម្លាំងមួកខៀវមកកម្ពុជានៅឆ្នាំ១៩៩៣។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូនឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាម៉ាឡេសុី អំពីការអភិវឌ្ឍប្រទេសកម្ពុជា ដែលឯកឧត្តមបានឃើញច្បាស់ នៅពេលមកទស្សនកិច្ចដោយផ្ទាល់នាពេលនេះ។ ការអភិវឌ្ឍរបស់កម្ពុជា បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមិនអាចខ្វះបានចំពោះការចូលរួមចំណែកពីភាគីមិត្តម៉ាឡេស៉ី តាមរយៈការវិនិយោគ វិស័យពាណិជ្ជកម្ម វិស័យសន្ដិសុខ វិស័យយោធា ការបណ្ដុះបណ្ដាលមន្ដ្រី (ជិត២,០០០នាក់) និងការមើលថែពលករកម្ពុជាជិត៦,០០០នាក់ នៅប្រទេសម៉ាឡេស៉ី។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងការបដិសណ្ឋារកិច្ចដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ។
ឯកឧត្តមបណ្ឌិត បានបន្ដថា ជាកិត្តិយសដ៏ឧត្តុងឧត្តមបំផុត ដែលឯកឧត្តមបានជួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ហើយបានស្ដាប់នូវទស្សនទានសំខាន់ៗរបស់ថ្នាក់ដឹកនាំកម្ពុជា។ ទស្សនទានទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថា ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៉ី កាន់តែត្រូវបានពង្រឹង និងពង្រឹងបន្ថែមទៀតនាពេលអនាគត។
ប្រធានរដ្ឋសភាម៉ាឡេស៉ី ក៏បានរំលឹកអំពីជំនួបរវាង ឯឧត្តម ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ដែលលោកបានចូលរួមអបអរសាទរជូនប្រទេសកម្ពុជាទាំងមូល ដែលរក្សាបាននូវស្ថេរភាព និងសន្ដិភាពពេញលេញ ជាពិសេសសម្រេចបាននូវវិបុលភាពខាងផ្នែកសេដ្ឋកិច្ច ដែលនេះជាអនាគតដ៏ត្រចះត្រចងមួយរបស់កម្ពុជា។
ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានកត់សម្គាល់ថា ភាពត្រចះត្រចងរបស់កម្ពុជា ហើយក៏ជាភាពត្រចះត្រចងរបស់អាស៊ានផងដែរ។ ក្នុងន័យនេះ ប្រធានរដ្ឋសភារបស់ម៉ាឡេស៉ី យល់ឃើញថា ភាពជោគជ័យរបស់ប្រទេសកម្ពុជា ក៏ស្ដែងអំពីភាពជោគជ័យរបស់ប្រទេសក្នុងតំបន់អាស៊ានទាំងមូល។
ក្នុងនាមជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា (AIPA) លើកទី៤៦ នៅឆ្នាំ២០២៥នេះ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៉ី បានគូសបញ្ជាក់ថា ឯកឧត្តមនឹងធ្វើយ៉ាងណាបង្កលក្ខណៈមានការផ្លាស់ប្ដូរគ្នារវាងអ្នកជំនាញ, និស្សិត និងបទពិសោធន៍ ដើម្បីឲ្យបណ្ដាប្រទេសអាស៊ានអាចសិក្សាពីគ្នាទៅវិញទៅមក សំដៅសម្រេចបាននូវសក្ដានុពលរបស់ប្រទេសនីមួយៗ។
បន្ថែមពីនេះ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៉ី ក៏បានសម្ដែងនូវការកោតសរសើរចំពោះពលករកម្ពុជា ដែលកំពុងបម្រើការងារនៅប្រទេសម៉ាឡេស៉ី ដែលសុទ្ធតែជាអ្នកឧស្សាហ៍ព្យាយាម និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌។ លោកអះអាងថា ពលករកម្ពុជានៅទីនោះ គឺទទួលបានសិទ្ធិពេញលេញគ្រប់គ្រាន់ពីសំណាក់រដ្ឋាភិបាលម៉ាឡេស៉ី ហើយក៏កំពុងសប្បាយរីករាយ ក្នុងការទទួលយកនូវចំណេះជំនាញសំខាន់ៗ ដែលនេះជាសក្ដានុពលមួយនៅពេលត្រឡប់មកកម្ពុជាវិញ នឹងអាចមានឱកាសជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។
ដោយឡែក ចំពោះអ្នកវិនិយោគ និងរកទទួលទាននៅប្រទេសម៉ាឡេស៉ីវិញ ត្រូវបានលោកបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បង្ហាញការសន្យាថា នឹងព្យាយាមធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគមកបន្ថែមទៀត សំដៅពង្រឹងដល់វិស័យវិនិយោគ និងពាណិជ្ជកម្មរវាងម៉ាឡេស៉ី-កម្ពុជា កាន់តែល្អប្រសើរ។ ខណៈវិស័យទេសចរណ៍ ឯកឧត្តមក៏លើកឡើងដែរថា នឹងជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍យ៉ាងច្រើនរបស់កម្ពុជា ដើម្បីជំរុញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលើកឡើងរបស់លោកបណ្ឌិតប្រធានរដ្ឋសភាម៉ាឡេស៉ី និងការប្ដេជ្ញាចិត្តប្រកបដោយអត្ថន័យជាទីបំផុត។ ឯកឧត្តមសន្ដិបណ្ឌិត បានជម្រាបជូនដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបមានអាយុកាលជាង១ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែដំណើរការបានប្រព្រឹត្តទៅដោយរលូន និងមានភាពស្វាហាប់ ដោយឈរលើគោលការណ៍ដ៏សំខាន់មួយ គឺរក្សានូវសុខសន្ដិភាព ស្ថេរភាពនយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន គូសបញ្ជាក់ថា ការដំណើរការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក៏មិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់បណ្ដាប្រទេសជាមិត្ត ក្នុងតំបន់អាស៊ាន ពិសេសប្រទេសម៉ាឡេស៉ីផងដែរ។ ឯកឧត្តមឧប ក៏បានបង្ហាញនូវសុទិដ្ឋនិយមថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦-៤៧ និងមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា (AIPA) លើកទី៤៦ នៅខែកញ្ញា ឆ្នាំ២០២៥ខាងមុខរបស់ម៉ាឡេស៉ី នឹងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យ និងគតិបណ្ឌិតរបស់ប្រធានរដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់ប្រទេសម៉ាឡេស៉ី ដែលចូលរួមចំណែកអភិវឌ្ឍន៍តំបន់អាស៊ានផងដែរ។