ប្រធានរដ្ឋសភាម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានបញ្ចប់ទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ
ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានបញ្ចប់ទស្សនកិច្ចនៅកម្ពុជាប្រកបដោយលទ្ធផលជោគជ័យ ជាទីមោទនៈ ក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិនៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់តែរឹងមាំនិងរីកចម្រើនឡើង ដោយយកប្រជាពលរដ្ឋជាស្នូល។
ក្រោយពីបានបំពេញទស្សនកិច្ចផ្លូវការក្នុងរយៈពេលពីរថ្ងៃនៅកម្ពុជា នៅរាត្រីថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបម៉ាឡេស៊ី បានអញ្ជើញធ្វើមាតុនិវត្តន៍ទៅកាន់មាតុប្រទេសវិញ។ អញ្ជើញជូនដំណើរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា អមដោយសមាជិកសមាជិការដ្ឋសភានិងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនទៀត។
ក្រៅពីការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ(កម្ពុជា-ម៉ាឡេស៊ី)ឱ្យកាន់តែរឹងមាំបន្ថែមទៀតទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាម៉ាឡេស៊ីមកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏ដើម្បីគោរពអញ្ជើញ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយផ្ទាល់ ដើម្បីទៅចូលរួមមហាសន្និបាតអន្ដរសភាអាស៊ាន(AIPA)លើកទី៤៦ ដែលរដ្ឋសភាម៉ាឡេស៊ីធ្វើជាម្ចាស់នៅក្នុងឆ្នាំ២០២៥នេះ។
សម្តេចរដ្ឋសភាធិបតី បានអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និង៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ពិសេសជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្ដរសភាអាស៊ាន(AIPA)លើកទី៤៦។ សម្តេចនឹងអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ា ដោយមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយបទពិសោធន៍ស៊ីជម្រៅរបស់ម៉ាឡេស៊ី នឹងសម្រេចបានជោគជ័យ និងទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ពីមហាសន្និបាតអន្តរសភាអាស៊ាននេះ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្ដមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិរបស់កម្ពុជា នៅក្នុងនោះបានជួបសម្តែងការគួរសមជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបពិភាក្សាទ្វេភាគីជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងបានអញ្ជើញជួបសម្ដែងការគួរសមពិភាក្សាការងារជាមួយ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ជាដើម៕