ឯកឧត្តម នេត្រ ភក្ត្រា អរគុណពលរដ្ឋដែលជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា, ក្រោមដំបូលសន្តិភាព ២៦ឆ្នាំ បានបង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍជាតិ, សូមពលរដ្ឋរួមគ្នារក្សាសន្តិភាពនេះឱ្យនៅគង់វង្ស

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តក្រចេះ បានអរគុណប្រជាពលរដ្ឋឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ដែលតែងបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជឿទុកចិត្តលើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រយៈពេល២៦ឆ្នាំនៃសន្តិភាពពេញ គឺបានបង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍជាតិ សន្តិភាព គឺជាឱសថទិព្វ សម្រាប់មនុស្សគ្រប់រូប សូមប្រជាពលរដ្ឋទាំងអស់រួមគ្នារក្សាសន្តិភាពនេះឱ្យនៅគង់វង្ស។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតដោយការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ការថ្លែងអំណរគុណបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសលោកបានអញ្ជើញសម្ពោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុ ជាឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

នាឱកាសនោះដែរ ប្រធានក្រុមការងារបានអរគុណដល់សន្តិភាព សន្តិភាពនេះធ្វើឱ្យមានថ្ងៃនេះនឹងបង្កើតក្តីសង្ឃឹមក្នុងជីវភាពបន្តទៅមុខ រួមទាំងឱកាសក្នុងការចូលរួមចែករំលែកជួយគ្នាដូចពេលនេះ ហើយក៏ជាសន្តិភាពសម្រាប់កូនចៅ ដែលកំពុងមានជីវិតរស់នៅ ក្នុងការរីករាយទទួលផលពីផ្លែផ្កានៃសន្តិភាព។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា៖ «ការកសាងសមិទ្ធផលផ្សេងៗនេះ គឺជាការឆ្លើយតបដែលប្រជាពលរដ្ឋបានទម្លាក់សន្លឹកឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងតម្រូវការ អ៊ឹចឹងខ្ញុំសូមអរគុណពូ មីង ដែលបានគាំទ្រ ហើយយើងខ្ញុំមានតែម្រាមដៃ១០ អរគុណប្រជាពលរដ្ឋដែលជឿលើគណបក្សប្រជាជនកម្ពុជា»។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋខេត្តក្រចេះ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវថ្នល់៤ខ្សែ បានកែប្រែមុខមាត់ខេត្តក្រចេះ និងធ្វើឱ្យជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។ មានផ្លូវ មានស្ពាន មានសង្ឃឹម និងពោរពេញដោយការអភិវឌ្ឍ ត្រឹមខែមករា ឆ្នាំ២០២៥នេះ, ស្ពានឆ្លងកាត់ទន្លេមេគង្គដែលមានប្រវែង ១,៧៦១ម៉ែត្រ ត្រូវបានកសាងសម្រេចបាន ៧៩,២២% ហើយគ្រោងនឹងដាក់ឱ្យឆ្លងបណ្តោះអាសន្ននាចុងឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះការដ្ឋានសាងសង់ផ្លូវ៤ កន្លែងទៀត ក្នុងក្រុងក្រចេះ និងផ្លូវទៅស្រុកសំបូរ ខេត្តក្រចេះក៏នឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះដែរ។ សូមអរគុណសន្តិភាព, សូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា, សូមគោរពអរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តក្រចេះ បានបន្ថែមថា សុខសន្តិភាពឱ្យជីវភាពរស់នៅល្អប្រសើរ កំពុងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៅតាមគ្រួសារនីមួយៗ នៅទូទាំងប្រទេសបានជួបជុំកម្សាន្តសប្បាយរីករាយ និងចែករំលែកការសប្បាយ ក្នុងឱកាសបុណ្យទានតូចធំផ្សេងៗ ដូចក្នុងថ្ងៃនេះផ្ទាល់ ដែលយើងទាំងអស់គ្នាកំពុងជួបជុំគ្នានៅទីនេះ រួមចិត្ត រួមគ្នាធ្វើ ដើម្បីចែករំលែកស្នាមញញឹម និងសេចក្តីស្រឡាញ់។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការខិតខំរបស់សម្តេចប្រធានគណបក្ស សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចៗដែលជាថ្នាក់ដឹកនាំ គឺដើម្បីឱ្យស័ក្តិសមនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណណបក្សដឹកនាំអំណាច តទៅមុខទៀត គោលដៅ ភារកិច្ច និងគោលបំណងបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា គឺការបន្តថែរក្សានិរន្តភាពនៃសុខសន្តិភាព ធ្វើឱ្យជីវភាពប្រជាជនកាន់តែសម្បូរសប្បាយ ជាពិសេសការខិតខំបើកឱកាសបន្ថែមទៀត ឱ្យកូនចៅជំនាន់ក្រោយៗឱ្យកាន់តែរុងរឿង។

ក្នុងឱកាសនោះដែរ លោកប្រធានក៏បានជំរុញឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ជាពិសេសបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំឱ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ។