សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក និងមន្រ្តីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនា យាងនិងអញ្ជើញជាអធិបតី កាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកបឋមសិក្សា សម័យប្រលងឆ្នាំ ២០២៥
សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះអគ្គាធិការរង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា យាងនិងអញ្ជើញជាអធិបតី កាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកបឋមសិក្សា សម័យប្រលងថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ ២០២៥ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ។
ការកាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកបឋមសិក្សា នាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដោយមានការនិមន្ត និងចូលរួមពីសំណាក់ សម្តេចព្រះសង្ឃតាមឋានានុក្រម, ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណនិងបេក្ខជនជាច្រើនអង្គ/នាក់ នៅមណ្ឌលរាជធានីភ្នំពេញ។
សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក បានព្រះរាជបន្ទូលថា *ពុទ្ធិកសិក្សាជាសសរស្តម្ភរបស់ព្រះពុទ្ធសាសនា* ដែលជាសាសនារបស់រដ្ឋ ។ដូចនេះយើងត្រូវផ្សព្វផ្សាយនឹងលើកតម្កើនសាលាបាលីនិងពុទ្ធិកសិក្សា ព្រះគុណធម៌ សីលធម៌ របស់ពុទ្ធសាសនាចាំបាច់ធ្វើឲ្យមានតុល្យភាពរីកចម្រើនខាងសម្ភារៈនិងខាងស្មារតី ពុទ្ធចក្រនឹងអាណាចក្រត្រូវដើរទន្ទឹមគ្នាក្នុងល្បឿនស្មើរគ្នា ដើម្បីចូលរួមចំណែក ថែរក្សាសន្តិភាព សុខមាលភាពសង្គមនិងភាពសុខសាន្តរបស់ប្រជាជន និងជាមួយរាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា ដែលមាន សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ ដូចនេះ ការប្រឡងដោយសមត្ថភាព សុចរិតភាព អនុវត្តភ្ជាប់ខ្ជួននៅវិន័យសេចក្តីថ្លៃថ្នូរសណ្ដាប់ធ្នាប់នៃការប្រឡងឆ្លុះបញ្ចាំងឲ្យឃើញពីបញ្ញាស្មារតីពិតប្រាកដរបស់ បេក្ខសមណ បេក្ខជន និងជាមោទិកភាព របស់ព្រះសង្ឃនិងប្រទេសជាតិយើង និងសូមប្រគេនពរជូនបេក្ខសមណៈព្រះសង្ឃគ្រប់ព្រះអង្គ ដែលចូលរួមប្រលងសញ្ញាបត្រពុទ្ធិកបឋមសិក្សា ប្រលងជាប់និងព្យាយាមឲ្យអស់ពីសមត្ថភាព ខិតខំបំពេញវិញ្ញាសាប្រលងប្រកបដោយ បញ្ញាញាណដោយត្រូវប្រកាន់យកពាក្យស្លោកថា អ្នកចេះគឺជាប់ ។
នាឱកាសនេះ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ បានមានប្រសាសន៍ ជូនពរដល់បេក្ខសមណសិស្សទាំងអស់ ត្រូវខិតខំប្រលងដោយសមត្ថភាព ប្រកាន់ភ្ជាប់នូវវិន័យ និងសណ្តាប់ធ្នាប់ និងសម្រេចបានជោគជ័យគ្រប់ព្រះអង្គ ។
សូមជម្រាបជូនថា សម័យប្រលងថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ ២០២៥ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ ដោយប្រលងលើមុខវិជ្ជាសំខាន់ៗរួមមាន ៖ ភាសាបាលី ,តែងសេចក្តី, ប្រវត្តិ-ភូមិ ,វិទ្យសាស្រ្តអនុវត្ត, ពុទ្ធវិន័យ, ពុទ្ធប្រវត្តិ, ពុទ្ធសាសនា, សរសេរតាមអាន, និងគណិតវិទ្យា ៕