ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ ១,៣៥៤គ្រួសារទទួលអំណោយមនុស្ស ធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន ១,៣៥៤ គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅអាហាដ្ឋានឡេងទ្រី ដោយមានការចូលរួមពីអ្នក តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ និងសប្បុរសជន នារសៀលថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២៥ ។
លោក អ៉ី ធារិន ប្រធានអនុគណ: កម្មការធិការសាខាកាកបាទក្រហមស្រុកព្រៃនប់ បានធ្វើរបាយការណ៍ស្តីពីខ្យល់កន្ទ្រាក់រយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៥នេះ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំចំនួន៦ ចំនួន១,៣៥៤ខ្នងផ្ទះ ក្នុងនោះរលំចំនួន ០៣ខ្នង និងរបើកដំបូលចំនួន ១,៣៥១ខ្នង ក្នុងនោះមានដូចជា ៖
១.ឃុំសាមគ្គី របើកដំបូលផ្ទះចំនួន ៤៣២ខ្នងផ្ទះ
២.ឃុំទឹកល្អក់របើកដំបូលចំនួន ៣៥៧ខ្នងផ្ទះ និងរលំ ០២ខ្នងផ្ទះ
៣.ឃុំទឹកថ្លារបើកដំបូល ៥៥៩ខ្នងផ្ទះ និងរលំ ០១ខ្នងផ្ទះ
៤.ឃុំវាលរេញរបើកដំបូល ០១ខ្នងផ្ទះ
៥.ឃុំសំរុង របើកដំបូល ០៤ខ្នងផ្ទះ
៦.ឃុំបឹងតាព្រហ្ម របើកដំបូល ០១ខ្នងផ្ទះ បណ្តាលធ្វើឪ្យខូចខាតសង្កសីចំនួន ៧.២៦៤សន្លឹក ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចូលរួមសោកស្តាយគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ បាត់បង់ខូចខាតទ្រព្យសម្បត្តិ ហើយអំណោយទាំងនេះមិនអាចជួយបានមួយគ្រា វាគ្រាន់បើជាង ដែលជាគោលការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ណែនាំជួយពុកម៉ែជួបការលំបាកណាមួយនេះជាទឹកចិត្ត ស្មារតីនៃមាតាមនុស្សធម៌ និងផ្តាំផ្ញើសួសុខទុកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត សូមចូលរួមសោកស្តាយរបស់បងប្អូន ហើយអ្វីដែលជួយបានក្នុងក្របខណ្ឌកាកបាទក្រហម និងជានាយករដ្ឋមន្ត្រីកម្ពុជា ចំពោះសង្កសី ក្រុម ការងារនឹងរៀបចំចាត់ចែងចែកជូនពុកម៉ែពូមីងជាបន្តបន្ទាប់នៅពេលខាងមុខ។
ឯកឧត្តម ប្រធានគណ:កម្មាធិការសា ខា ក៏បានអគុណដល់ក្រុមការងារកាកបាទក្រហមខេត្ត ស្រុក និងអ្នកស្ម័គ្រចិត្តចាត់ចែកសម្ភារះយកមកចែកជូនបងប្អូននាពេលនេះ នេះជាការ ចូល រួមលះបង់ក្នុងនាមគ្រួសារខ្មែរតែមួយ ស្របតាមគោលការណ៍កាកបាទក្រហមមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ដោយមិនបានយកចិត្តទុកដាក់នោះទេ គឺយកចិត្តទុកដាក់ប្រជាពលរដ្ឋគ្រប់រូបដែលជួបការលំបាក។
ឯកឧត្តម បានបញ្ចាក់ថា ផែនការយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ផ្តោតសំខាន់ដូចជា ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសការបណ្តុះបណ្តាលវិស័យអប់រំ ការរៀបចំប្រព័ន្ធសុខាភិបាល សូមទៅពិនិត្យសុខភាពពេលមានផ្ទៃពោះ ដើម្បីសុខភាពមាតា និងទារក នេះជាការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ទ្រាក់ចំនួន ១,៣៥៤ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីតមួយកញ្ចប់ (សារុង១ ក្រមា១ មុង១ ភួយ១) ថវិកា ៥០,០០០រៀល។ ដោយឡែកអ្នករលំផ្ទះ ០៣គ្រួសារ ឧបត្ថម្ភ ១គ្រួសារ តង់១ សម្ភារ:ផ្ទះបាយ ១ឈុត និងថវិកា ១លានរៀល។