KCNA បង្ហាញរូបភាពលោក Kim Jong Un ចុះត្រួតពិនិត្យយន្តហោះ Drone ថ្មីទុកវាយប្រហារសត្រូវ និង Drone ឈ្លបយកការណ៍ថ្មីដែលផលិត ដោយកូរ៉េខាងជើងផ្ទាល់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រូបភាពមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវបានគេបញ្ចេញអំឡុងពេលចុះសង្កេតមើលការសាកល្បងសម្ភារៈថ្មីសម្រាប់ឈ្លបយកការណ៍ និងឧបករណ៍វាយប្រហារជាយន្តហោះដ្រូនដែលទើបនឹងបង្កើតថ្មីក្នុងសប្តាហ៍នេះ ហើយលោកបានអំពាវនាវឱ្យបង្កើនការផលិតពួកវាបន្ថែម។ លោក Kim ក៏បានសង្កត់យ៉ាងម៉ត់ចត់អំពីភាពវិវឌ្ឍន៍នៃយន្តហោះគ្មានមនុស្សបើក ឬ Drone នេះដោយធ្វើតេស្ត អំពីសមត្ថភាពវាចុងក្រោយបំផុត សម្រាប់បន្ថែមសមត្ថភាពលើកម្លាំងយោធាកូរ៉េខាងជើងដែលកំពុងកើនឡើងដែរ។ រូបថតដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ផ្លូវការរបស់ប្រទេសកូរ៉េខាងជើង ថែមទាំងបានបង្ហាញនូវសកម្មភាពរបស់ លោក Kim បានចុះសង្កេតមើលឧបករណ៍ Drone ប្រភេទថ្មីដើម្បីប្រើប្រាស់ទុកធ្វើឈ្លបយកការណ៍សំខាន់ណាមួយ ដែលវាមានរូបរាងប្រហាក់ប្រហែលទៅនឹងយន្តហោះ Boeing E-7 Wedgetail ដោយវាអាចព្រមាននិងគ្រប់គ្រងសកម្មភាពយន្តហោះនានាបាន។ រូបភាពផ្សេងទៀតក៏បានបង្ហាញពីសមត្ថភាពយន្តហោះគ្មានមនុស្សបើកដែលបានបំផ្ទុះបំបុករថយន្តយោធាដែលកូរ៉េខាងជើងគ្រោងប្រើវាជាគោលដៅកំណត់រួម។ ប៉ុន្តែរូបភាពទាំងនះគឺមិនត្រូវបានគេផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ ព្រោះកូរ៉េខាងជើងតែងតែរឹតត្បិតព័ត៌មានលម្អិតនៃបច្ចេកវិទ្យារបស់ខ្លួនជានិច្ច។ របាយការណ៍របស់ KCNA ក៏បានរួមបញ្ចូលនូវរូបភាពដែលមើលទៅដូចជាការព្រមាន និងគ្រប់គ្រងនៃយន្តហោះដំបូងនៅលើអាកាសផងដែរ ដោយលោក Kim បានឡើងលើយន្តហោះ ហើយបន្ទាប់មកមើលការហោះហើររបស់វា ។ យន្តហោះនេះមើលទៅដូចជាយន្តហោះរុស្ស៊ីប្រភេទ Ilyushin IL-76 ដែលត្រូវបានកែច្នៃរួចដែរ ដោយរដ្ឋាភិបាលកូរ៉េខាងជើងបានប្រើប្រាស់វាអស់ជាច្រើនឆ្នាំមកហើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ