Khmer Beverages x T.Y Media ចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នាបង្កើតព្រឹត្តកាណ៍លំដាប់អន្តរជាតិថ្មីមួយទៀតបន្ទាប់ពី Queen Legends

បន្ទាប់ពីការសហការគ្នាយ៉ាងជោគជ័យ និងទទួលបានការគាំទ្រខ្លាំងក្នុងការបង្កើត ព្រឹត្តិការណ៍ការប្រកួត កីឡាអេឡេចត្រូនិច Queen Legends រដូវកាលទីមួយ ក្រុមហ៊ុន Khmer Beverages ដែលមានភេសជ្ជៈប៉ូវកម្លាំង Vikingz និង ក្រុមហ៊ុន T.Y Media បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ក្នុងការបង្កើតព្រឹត្តិការណ៍ថ្មីមួយទៀត។

ពិធីចុះហត្ថលេខាអនុស្សារណៈរវាងភេសជ្ជៈ Vikingz និង T.Y Media ត្រូវបានរៀបចំឡើង កាលពីថ្ងៃអាទិត្យទី ២៧ ខែមេសា នៅមជ្ឈមណ្ឌលកីឡា អេឡិចត្រូនិក T.Y Media Esports Center (ផ្លូវ ៦០ម៉ែត្រ) ដោយមានការអញ្ជើញចូលរួមពី លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិច្ចកម្ពុជា អ្នកឧកញ្ញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធាន ក្រុមអគ្គនាយកក្រុមហ៊ុន Khmer Beverages និង លោក ឈុន សំណាង តំណាងក្រុមហ៊ុន T.Y Media។

អ្នកឧកញ្ញ៉ា លាង ម៉េង ក្នុងនាមជាងសហស្ថាបនិកក្រុមហ៊ុន Khmer Beverages បានបង្ហាញពីមោទន ដែលបានចាប់ដៃគូសហការគ្នាជាមួយក្រុមហ៊ុន T.Y. Media សម្រាប់ដំណើរដ៏វែងឆ្ងាយក្នុងវិស័យ Esports នៅកម្ពុជាហើយក៏មានការប្តេជ្ញាយ៉ាងមុតមាំ បន្តអភិវឌ្ឍន៍វិស័យមួយនេះឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀតដោយនាំមកនូវព្រឹត្តិការណ៍ Esports ផ្សេងៗជាច្រើនទៀតមកកាន់ប្រទេសកម្ពុជា។ Vikingz មានវត្តមាននៅទីនេះមិនមែនក្នុងរយះពេលខ្លីនោះទេ តែមានចក្ខុវិស័យយ៉ាងវែងឆ្ងាយក្នុងដំណើរមួយនេះហើយ ជឿជាក់ថា វិស័យ Esports នៅកម្ពុជានឹងបន្តរីកចម្រើនថែមទាំងមានសក្ដានុពលយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានោះដែរ Vikingz និង T.Y Media ក៏បានប្រកាសផ្លូវការអំពីព្រឹត្តិការណ៍ការប្រកួតថ្មីមួយរបស់ក្រុមហ៊ុន Vikingz នោះគឺ Vikingz Mekong Invitational ដែលជាការប្រកួតដ៏ធំមួយកម្រិតអន្តរជាតិដែលមានប្រទេសចូលរួមមកពីកម្ពុជា វៀតណាម ថៃ និងឡាវ។

គោលបំណង នៃការបង្កើតព្រឹត្តិការណ៍ថ្មីនេះឡើង គឺមែនគ្រាន់តែបង្កើតព្រឹត្តិការណ៍នោះទេ ប៉ុន្តែជាការបង្កើតប្រវត្តិសាស្រ្តថ្មីមួយសម្រាប់វិស័យ Esports កម្ពុជា។ ព្រឹត្តិការណ៍មួយនេះនឹងផ្តល់ឧកាសដ៏សំខាន់សម្រាប់កីឡាករដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេទៅកាន់អន្តរជាតិ និងការទទួលបានបទពិសោធបន្ថែមដើម្បីជាដើមទុនក្នុងការចូលរួមប្រកួតតំណាងជាតិនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានានាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសដ៏រីករាយនេះផងដែរ អ្នកឧកញ្ញ៉ា លាង ម៉េងក៏បានប្រកាសឧបត្ថម្ភជាថវិការបន្ថែម ២០០០០ ដុល្លារអាមេរិក ប្រសិនអត្តពលិកកីឡាអេឡិចត្រូនិចកម្ពុជាឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាអាគ្នេយ៍លើកទី ៣៣ ដែលរៀបចំនៅទឹកដីថៃឆ្នាំ ២០២៥ នេះផងដែរ។

សូមបញ្ជាក់ថា Vikingz និង T.Y Media បានសហការគ្នារៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិចវិញ្ញាសា Mobile Legends: Bang Bang នៃពានរង្វាន់ Queen Legends ផ្នែកនារី ឆ្នាំ២០២៥ ដែលនឹងត្រូវរកឃើញជើងឯកនៅថ្ងៃអាទិត្យទី ២៧ ខែមេសានេះ អមជាមួយប្រាក់រង្វាន់ ២០លានរៀល៕